(ខេត្តកំពត)៖ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាប្រធានកិត្តិ យសសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពត និងលោកស្រី ដោយមានការ អញ្ជើញចូល រួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បាននាំយកអំណោយ មនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយអគ្គីភ័យ ភ្លើងឆេះផ្សារត្រពាំងរពៅ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពតចំនួន ១៨៧តូប ដោយ ក្នុងនោះតូប ដែលត្រូវភ្លើងឆេះ អស់មានចំនួន ១៤៧តូប កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។
ក្នុងឱកាសនេះ លោក ជាវ តាយ ក៏បានពាំនាំមកនូវ ប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខ ទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។
អំណោយផ្តល់ ជូននាពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១០កំប៉ុង។
សូមជម្រាបថា កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី អគ្គីភ័យបានឆាបឆេះ ផ្សារត្រពាំងរពៅ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យតូបលក់ ដូររបស់អាជីវករក្នុង ចំណោម១៨៧តូប ត្រូវភ្លើងឆេះខ្ទេច ចំនួន១៤៧តូប ហើយសម្ភារៈ និងទំនិញគ្រប់មុខត្រូវ ក្លាយជាចំណីភ្លើងគួរ ឲ្យសោកស្តាយបំផុត។
ក្រោយពីមានហេតុ ការណ៍កើតឡើង អាជ្ញាធរខេត្តកំពត ក៏បាននាំយកអំណោយទៅ សង្គ្រោះជាបន្ទាន់តែម្តង៕ ដោយលោក សេង ណារិទ្ធ