(ខេត្តប៉ៃលិន) ៖ ផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ៣៣០០ ម៉ែត្រ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម អុី ឈាន និង លោកជំទាវ បាន ស្រីមុំ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានធ្វើពិធីសម្ភោធកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន ។
នាឱកាសនោះក៏មានវត្តមាន លោក លោកស្រី ឯកឧត្តម សៅ សារ៉ាត់ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ប៉ៃលិនក្រុមប្រឹក្សាក្រុង លោកឧត្ត្តមសេនីយ៍ទោ សេង សុគន្ធ ប្រធានស្នងការនគរបាលខេត្តប៉ៃលិន លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ផងដែរអញ្ជើញចូលរួម។
ផ្លូវក្រាលគ្រួសក្រហម មានប្រវែងជាង ៣៣០០.ម៉ែត្រ នៅភូមិប៉ាងរលឹម អង្កាត់ អូតាវ៉ៅ ក្រុង ប៉ៃលិនជាផ្លូវផ្សាភ្ជាប់ពីផ្លូវជាតិលេខ៥៧ បត់ចូលភូមិប៉ាងរលឹមនឹងភូមិអូរខ្ទីង ។
លោក មេភូមិប៉ាងរលឹម បានរាយការណ៍ថា ផ្លូវមួយខ្សែនេះមានប្រវែងជាង ៣៣០០ ម៉ែត្រ ក្រាលគ្រួសក្រហម ផ្សាភ្ជាប់ពីផ្លូវជាតិលេខ៥៧ បត់ចូលភូមិប៉ាងរហូតដល់ភូមិអូរខ្ទីង ជាផ្លូវប្រើប្រាស់ជាប្រយោជន៍ ទូទៅសម្រាប់សាធារណៈ ពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ។
ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានថ្លែងនៅក្នុងពិធីសម្ភោធផ្លូវលំនេះ ដោយបានរំលឹកឡើងវិញ អំពីជំនាន់របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ៣ឆ្នាំ៨ខែ និង២០ថ្ងៃ និងការរំដោះជាតិមាតុភូមិ ការស្វែងរក និងរក្សានូវសុខសន្តិភាព របស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិស្ទើរគ្រប់វិស័យ និងមានការរីកចម្រើនរហូតដល់បច្ចុប្បន្ននេះ។
លោកបន្ដថា ក្នុងអាណត្តិបន្តទៅមួយអាណត្តិ សម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងយុត្តិធម៌ ពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅមូលដ្ឋាន ដែលមានជាអាទិ៍ ដូចជា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត បង្គន់អនាម័យ មធ្យោបាយកសិកម្ម លំនៅដ្ឋាន និងការបម្រើនូវសេវាកម្មទេសចរណ៍ ជាដើម៕