(ខេត្តព្រះវិហារ) ៖ នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងថា បេសកកម្មរបស់គណៈកម្មការជាតិនាពេលនេះ មានគោលដៅសំខាន់ គឺការពារព្រៃឈើដែលនៅសល់ឱ្យគង់វង្ស ពង្រឹងការអនុវត្តច្បាប់ ការពារវិនិយោគទន់ស្របច្បាប់ និងបង្ក្រាបការបំពានច្បាប់។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានដាក់ចេញជាទិសស្លោកចំនួន៤ «ប្រទេសជាតិត្រូវតែការពារ ប្រជាជនត្រូវតែបម្រើ ទាំងអស់គ្នាគោរពច្បាប់ និងបទល្មើសត្រូវតែបង្ក្រាបដោយម៉ឺងមាត់»។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ និងការងារបន្តធ្វើដូចខាងក្រោម៖ ១.ពង្រឹងការចេញលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងផលអនុផលព្រៃ ដីសម្បទាននានា ជាពិសេសមន្ត្រីរដ្ឋបាលព្រៃឈើ អនុវត្តនីតិវិធីត្រឹមត្រូវ ២.ពង្រឹងការគ្រប់គ្រងតាមសមត្ថកិច្ចរបស់ខ្លួន ៣.ត្រូវធ្វើការត្រួតពិនិត្យ ណែនាំក្រុមហ៊ុនឱ្យអនុវត្តតាមកិច្ចសន្យា កិច្ចព្រមព្រៀង និងសហការឱ្យបានល្អ ត្រឹមត្រូវតាមច្បាប់ ៤.រួបរួមគ្នាចូលរួមធ្វើការល្បាត ពួនស្ទាក់តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក សំខាន់មន្ត្រីជំនាញទាំង២ រដ្ឋបាលព្រៃឈើ បរិស្ថាន ត្រូវរៀបចំផែនការ ដឹកនាំ អនុវត្ត និងមានការដឺកនាំត្រួតពិនិត្យពីសំណាក់ប្រធានគណៈបញ្ជាការឯកភាព ៥.បន្តខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ។
ចំណែកមធ្យោបាយដែលកែច្នៃសម្រាបតែបំផ្លាញឈើ ត្រូវតែបន្តកម្ទេចចោល រីឯមធ្យោបាយប្រើប្រាស់ជាប្រយោជន៍បានរក្សាទុក និងឈើដែលរឹបអូសការពារកុំឱ្យបាត់បង់រក្សាទុករងចាំការសម្រេច។
បន្តអប់រំផ្សព្វផ្សាយច្បាប់ដល់មន្ត្រីជំនាញបរិស្ថាន រដ្ឋបាលព្រៃឈើ ដោយធ្វើផែនការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ។ ពេលមានកិច្ចប្រជុំសុំដាក់ខ្លឹសារអំពីព្រៃឈើធ្វើការពិភាក្សា ដាក់ចេញទិសដៅបន្ត គ្រប់គ្រងមន្ត្រីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើជាគំរូល្អ ៕