(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១០សីហានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពេលធ្វើដំណើរឆ្លងកាត់ខេត្តដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្សល់កន្ត្រាក់ជាដើម។
តាមរយៈសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ សុខសប្បាយជាទេប ងប្អូនជនរួមជាតិ?
តាមព្យាករណ៍អាកាសធាតុ គឺមានភ្លៀងបង្អុរចុះមកនៅតាមតំបន់នៃខេត្តមួយចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពបងប្អូន។
ទន្ទឹមនឹងនេះ សូមបងប្អូនតាមដានព័ត៌មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើនេសាទ និងក្នុងពេលបើកបរតាមដងផ្លូវទៅតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងជំនន់ ទឹកភ្លៀង។
សូមក្រសួង មន្ទីរ និងអាជ្ញាធរមានសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយសង្គ្រោះ និងដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនដែលកំពុងរងគ្រោះដោយសារបញ្ហាខាងលើនេះ។
សូមជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នា ហើយសូមបានរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍នេះ៕