​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ អាច​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ខណៈ​អាងទឹក​ប្រទាក់ក្រឡា​កំពុង​ប្រឈម​បាក់​ទំនប់​

(​ខេត្ត​កំពត​)៖ ដោយសារ​កត្តា​អាកាសធាតុ​គឺ​ភ្លៀង​ធ្លាក់​បន្ត​ជាប់​គ្នា​មិន​ឈប់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ធ្វើឲ្យ​តំបន់ ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្ត​កំពត ពិសេស ស្រុក​ទឹកឈូ ត្រូវ​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ភ្លៀង​។​

​យ៉ាងណាមិញ​បើតាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៩ ស្រប​ពេល​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​កម្ពស់​ទឹក​កាន់តែ​ឡើង​ខ្លាំង ដែល​ធ្វើឲ្យ​ទំនប់​ប្រទាក់​ក្រឡា ស្ថិតក្នុង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បាក់ជើង​បេតុង ព្រោះតែ​មិន​អាច​ទ្រទ្រង់​នឹង​បរិមាណ​ទឹក​ដែល​មាន​កម្រិត​ខ្ពស់​។​

​ចំពោះ​ការ​បាក់ជើង​បេតុង​នៅ​អាង​ស្តុក​ទឹក​ទំនប់​ប្រទាក់ក្រឡា​នេះ គេ​បាន​ព្យាករណ៍​ថា កម្លាំង​ទឹក​អាច​មាន​សន្ទុះ​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​ជន់​លិច​នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ស្រុក​ទឹកឈូ ដូច​ជា​ភូមិ កូន​សត្វ ភូមិ​បុស្ស​ញិញ ភូមិ​ត្រពាំង​ព្រីង​ខាងជើង និង​បន្ត​ទៅ​ដល់​ភូមិសាស្ត្រ​ខេត្ត​កែប ជាពិសេស​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប​ជាដើម​។​

​ជាមួយគ្នានេះ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ បន្ទាប់ពី​មាន​ករណី​បាក់ជើង​បេតុង​ទំនប់​ប្រទាក់ក្រឡា នៃ​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត គេ​សង្កេតឃើញ​វត្តមាន​អាជ្ញាធរ​ខេត្ត​កំពត​និង​ខេត្ត​កែប បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ទឹក​នៅ​តាម​ភូមិសាស្ត្រ​ដែល​កំពុង​លិចលង់​ដោយសារ​ជំនន់​ភ្លៀង ដើម្បី​រក​វិធានការ​ដោះស្រាយ​ជាបន្ទាន់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *