សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថាក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការណ៍បាក់អគារ៧ជាន់នៅខេត្តព្រះសីហុនទាំងអស់នឹងត្រូវបំពាក់មេដាយមាស ។ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអាជ្ញាធរនិងក្រុមអ្នកជួយសង្គ្រោះក្នុងហេតុការបាក់អគារ៧ជាន់នៅខេត្តព្រះសីហនុទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការជួយសង្គ្រោះ ។
ជាមួយគ្នានេះ សម្តេចបានប្រកាសបំពាក់មេដាយមាសដល់ក្រុមអ្នកជួយ សង្គ្រោះក្នុងហេតុការណ៍បាក់អគារ៧ជាន់នៅខេត្តព្រះសីហុនទាំងអស់ ។ សម្តេចហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីផ្ទេរការគ្រប់គ្រង សាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យទៅក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។
សម្តេចតេជោ បន្តថា ហេតុការណ៍បាក់រលំអគារនេះ មិនមែនមានតែកម្ពុជានោះទេ បណ្តា ប្រទេសមួយចំនួនសុទ្ធតែធ្លាប់ជួប ។ប៉ុន្តែទោះជាយ៉ាងណាសម្តេចបានសម្តែងនូវការសោកស្តាយ ដែលកើតមានហេតុការណ៍នេះនៅកម្ពុជា។សម្តេចក៏បានថ្លែងអំណរគុណដល់ សប្បុរសជន ដែលបានជួយឧបត្ថម្ភជាថវិកាដល់ជនរងគ្រោះទាំងអស់ ដែលនេះបង្ហាញពីទឹក ចិត្តចេះស្រឡាញ់គ្នារបស់បងប្អូនជនរួមជាតិរបស់យើង។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២៨នាក់ និងរបួស២៦នាក់៕
ដោយ៖សហការី