ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី​ចូលរួម​ពិធីសែនព្រេន​និង​បួងសួង​សុំ​សេចក្ដីសុខ​មុខ​រូងភ្នំ​ចក្រី​

​បាត់ដំបង​៖ រសៀល​ម៉ោង ៤​និង​០០​នាទី ថ្ងៃអាទិត្យ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ទី​១១ ខែ​សីហា ឆ្នាំ​២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី លោក គង់ បៃ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំព្រឹក លោក សុង សុភ័ក្ត្រ អភិបាល នៃ​គណៈ​អភិបាលស្រុក​ភ្នំព្រឹក និង​សហការី រួម​និង​កងកម្លាំង​ទាំង​បី​ប្រភេទ​បាន​ចូលរួម​ពិធីសែនព្រេន​បួងសួង សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​លា​ពាក្យ​លាសម្តី នៅ​ចំពោះមុខ​រូង​ភ្នំ ដែល​ក្រុម​ការងារ​បាន​ចុះ​ជួយ​សង្គ្រោះ បុរស​ម្នាក់​ប្រកបដោយ​ជោគជ័យ ដែល​បាន​ជាប់​ក្នុង​រូងភ្នំ​ចក្រី​អស់​រយៈពេល ៣​យប់ ៤​ថ្ងៃ ដែល​ស្ថិតនៅ​ភូមិ​ហុង​ទឹក ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ជួយ​ឧបត្ថម្ភ ដល់​ក្រុមការងារ ដែល​បាន​ជួយសង្គ្រោះ បុរស​ដែល​ជាប់​ក្នុង រូងភ្នំ​ចក្រី​នូវ​ទឹកប្រាក់ ចំនួន ៤.០០០.០០០៛ (​បួន​លាន​រៀល​) ផងដែរ ។ ហើយ​ឯកឧត្តម ងួន រតនះ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​កងកម្លាំង​យោធា កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ដែល​បាន​រួមដៃគ្នា​យ៉ាង​យកចិត្ដទុកដាក់ លើ​ការងារ​ជួយសង្គ្រោះ​នេះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *