(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានសាខាកាកបាទក្រហមខេត្ត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក បានអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅភូមិដើមចារ និងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គ.ក្រ មី ០១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ០៦ដប ស្ករស ០១គ.ក្រ និងថវិកា សរុប ១,៧៥០,០០០រៀល ដោយ មួយគ្រួសារទទួលបាន៥០.០០០រៀល។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តកំពតក៏បានឧបត្ថម្ភ ថវិកាសរុប១លានរៀល ដល់យុវជនកាកបាទក្រហមចំនួន១០នាក់ អ្នកស្ម័គ្រចិត្តចំនួន២នាក់ និង កងកម្លាំង ប្រជាការពារ ៨៨នាក់ ដោយម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល។
ដោយឡែកនៅព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំខេត្តកំពត និង កម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពជំនាញ អាជ្ញាធរស្រុក បានបន្តដំណើចុះពិនិត្យ ទីតាំងបាក់ទំនប់ប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនោះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត បានឧបត្ថម្ភថវិកាសរុប ២,៩០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារជំនន់ភ្លៀងសរុប១៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានថវិកា២ម៉ឺនរៀលផងដែរ៕