(ខេត្តកែប)៖ ពិធីបុណ្យចូលព្រះវស្សាត្រូវបានរដ្ឋបាលខេត្តកែប ប្រារព្ធឡើងចាប់ពីថ្ងៃ១រោចខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ជារៀងរាល់ឆ្នាំ ដោយពិធីបុណ្យនេះ ត្រូវបានធ្វើឡើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានៃយើង។
ការលើកឡើងដូច្នេះ ជាប្រសាសប៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសរូបលោកបានដឹកនាំមន្ត្រីរាជការទាំងអស់ដែលជាពុទ្ធបរិស័ទបានរៀបចំពិធីប្រគេនទានវស្សា និងតេយ្យទានផ្សេងៗនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ព្រមទាំងវត្តចំនួន១៦វត្ត នៅទូទាំងខេត្តផងដែរ។
លោក កែន សត្ថា បានលើកឡើងទៀតថា បុណ្យចូលវស្សានឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ពិធីបុណ្យចូលព្រះវស្សា គឺជាការរៀបចំឲ្យព្រះសង្ឃឈប់សម្រាកនៅទីណាមួយ រឺក្នុងវត្តអារាមណាមួយជាក់លាក់ ក្នុងរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ទេសនាជាដើម ដោយតាំងចិត្តត្រឡប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលព្រះវស្សា ត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ ស្លាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សានេះ ក្នុងអំឡុងរយៈ៣ខែនេះ បងប្អូនដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សានេះក្នុងអំឡុងពេលនេះដែរ។
ជាក់ស្តែង ថ្ងៃនេះ លោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទបាននាំយកបច្ច័យចំនួន១៨,៥០០,០០០៛ ក្នុងនោះ បច្ច័យរបស់ មហាឧបាសិកា សុខ អុីម មានចំនួន ៨,០០០,០០០៛ និងពុទ្ធបរិស័ទផ្សេងៗ ចំនួន១០,៥០០,០០០៛ ។ បច្ច័យដែលទទួលបានទាំងនេះនឹងត្រូវប្រគេនតាមវត្តដូចជា វត្តវិបស្សនាធុរៈចំនួន ២,០០០,០០០៛ និងវត្តចំនួន១៥ទៀត ក្នុងមួយវត្តចំនួន១,០០០,០០០៛ ព្រមទាំងជូនយាយជីតាជី ចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបាន១០,០០០៛ ផងដែរ និងទេយ្យទាន ក្នុង១វត្ត ប្រគេន ជីវរ១លៀង អង្ករ៥០គីឡូក្រាម ទៀនវស្សាវ១គូរ ទឹកក្រូច២កេះ មី២កេះ ទឹកបរិសុទ្ធ២កេះ ទឹកត្រី១យួរ និងទឹកស៊ីអុីវ១យួរ៕