(ខេត្តកំពត)៖ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងស្ថាបនិកសមាគម សមាធិព្រះពុទ្ធសាសនាអន្តរជាតិ បានលើកឡើងថា ការចូលរួមថែរក្សា ការពារសន្តិភាពនៅ ក្នុងសង្គម និងផ្លូវចិត្ត ព្រមទាំង ចូលរួម សាបព្រួសមេត្តាធម៌ ដល់មនុស្សទាំងឡាយ គឺជារឿងចាំបាច់ ក្នុងចូលរួមចំណែកក្នុង ការអភិវឌ្ឍន៍ទាំងខ្លួនឯង និងសង្គមជាតិទាំង មូលផងដែរ។
នេះជាការលើកឡើង របស់ លោក ផ្លោក ផន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ថ្លែងនៅក្នុងពីធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ ដល់ក្រុមគ្រួសារក្រីក្រ ចំនួន៩៦៧ គ្រួសារ នៅក្នុងបរិវេណវត្ត ឧទម្ពរកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៩។
លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋ ទូទាំងប្រទេស ពិតជាមិនទាន់ភ្លេចទេ នូវការឈឺចាប់ និងការធ្វើទារុណកម្មយ៉ាង សាហាវព្រៃផ្សៃ ក្នុងសម័យប៉ុល ពត (៣ឆ្នាំ ៨ខែ និង២០ថ្ងៃ) ដែលកម្ពុជាបានធ្លាក់ ដល់កម្រិតសូន្យ គ្មានសាសនា គ្មានការអប់រំ គ្មានសិទ្ធិសេរីភាព ក្នុងការធ្វើអ្វីទាំងអស់។
ប៉ុន្តែសំណាងល្អ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងវៃឆ្លាតរបស់រាជ រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បានលះបង់សាច់ ស្រស់ឈាមស្រស់ ក្នុងការស្វែងរក សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
ដោយជ្រកក្រោមម្លប់សន្តិភាព កម្ពុជាបានក្លាយជា ប្រទេសដែលមានការរីក ចម្រើនស្ទើរគ្រប់វិស័យ ហើយកម្ពុជាបានប្រែ ក្លាយខ្លួនពីប្រទេសក្រីក្រ ទៅជាប្រទេសដែល កមានប្រាក់ចំណូល មធ្យមកម្រិតទាប។
លោករដ្ឋលេខាធិការ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សា ការពារសន្តិភាព និងខិតខំប្រឹងប្រែង ប្រកបមុខរបររបស់ខ្លួន បន្ថែមទៀត ពិសេសត្រូវ គោរពចរាចរ ជៀសឆ្ងាយពីការ ប្រើប្រាស់គ្រឿង ញៀនទាំងឡាយ។
ជាមួយគ្នានេះដែរ ព្រះតេជគុណ រូម៉ា ស្ថាបនិកសមាគម សមាធិព្រះពុទ្ធសាសនា អន្តរជាតិ បានមានសង្ឃដីកា ថា ថ្វីត្បិតដែលព្រះអង្គភ្លេច ភាសាខ្មែរក៏ពិត មែនប៉ុន្តែព្រះអង្គមិនដែលភ្លេច ជាតិកំណើត របស់ព្រះអង្គទេ ហើយជាង នេះទៅទៀត ព្រះអង្គតែងបាន គិតថា មនុស្ស ទាំងឡាយ នៅក្នុងលោក សុទ្ធតែជា សាច់ញាតិ បងប្អូននិងគ្នា តាំងពីអតីជាតិ និងបច្ចុប្បន្នជាតិ ដូច្នេះព្រះតេជគុណយល់ថា ការសាបព្រួសមេត្តា ធម៌ដល់មនុស្សសត្វ គឺជារឿងចាំបាច់ ដែលព្រះអង្គ ក៏ដូចជាមនុស្ស ទូទៅត្រូវធ្វើ ដើម្បីជាប្រយោជន៍ ខ្លួនឯងផង អ្នកដទៃផង និងចូលរួមចំណែក ក្នុងអភិវឌ្ឍន៍ សង្គមជាតិផង សន្តិភាពចិត្ត សមាធិ ការផ្សព្វផ្សាយមេត្តាធម៌ នឹងធ្វើឲ្យមនុស្សទទួលបានភាពរីករាយ និងរីកចម្រើន។
សូមជម្រាបថាអំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូន ក្នុងគ្រួសារនិមួយៗ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ភួយមុង , និងសម្ភារៈគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិការមួយចំនួនផងដែរ៕ ដោយលោក សេង ណារិទ្ធ