ប៉ៃលិន៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងការងារបញ្ចូលកំណត់ត្រាបទល្មើសព្រហ្មទណ្ឌ។
ក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ទោ ឡាំ សំរិទ្ធ នាយការិយាល័យសរុបផែនការ បានអាន របាយការណ៍សមិទ្ធផលការងារអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាពប្រចាំឆ្នាំ២០១៩ ។ ក្នុងនោះមានការលើកឡើងរបស់លោកនាយការិយាល័យសរុបផែនការ សូមឲ្យលោកនាយការិយាល័យព្រហ្មទណ្ឌ ពន្លឿនធ្វើរបាយការណ៍បង្ក្រាបបន្តទៅលើកករណីដែលបានបង្ក្រាប ដើម្បីបញ្ចូលទៅក្នុងរបាយការណ៍ឆមាសទី២ ឆ្នាំ២០១៩។
បន្ទាប់ពីការអានរបាយការណ៍របស់លោកនាយការិយាល័យសរុបផែនការចប់ ក៏មានការធ្វើបទបង្ហាញអំពីការបញ្ចូល កំណត់ត្រាបទល្មើសព្រហ្មទណ្ឌ និងរបៀបគណនាអំពីចំណាប់ថ្នាក់តាមបណ្តា ឃុំ-សង្កាត់ ដោយលោកវរសេនីយ៍ត្រី លេង សារ៉ន នាយការិយាល័យសរុបផែនការ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក៏បានមានប្រសាសន៍បូកសរុប និងណែនាំដល់កងកម្លាំង ជាពិសេសការិយាល័យព្រហ្មទណ្ឌ ជាមួយអធិការក្រុង-ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យយកចិត្តទុកដាក់ក្នុងការធ្វើរបាយការណ៍បង្កា និងបង្ក្រាបបទល្មើសផ្សេងៗ ដើម្បីបូកសរុបលទ្ធផលយកមកប្រលងប្រណាំងចំណាត់ថ្នាក់ ភូមិ-ឃុំ មានសុវត្តិភាព។
កិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ ក៏មានការប្រគល់នូវសៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ការិយាល័យជំនាញ និងអធិការ ក្រុង-ស្រុក ធ្វើការចែកបន្តជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានយកទៅប្រើប្រាស់៕