(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត បានអញ្ជើញចូល រួមក្នុងកិច្ចប្រជុំគណៈ កម្មការអន្តរក្រសួង ដើម្បីត្រៀមរៀប ចំពិធីបុណ្យសមុទ្រ លើកទិ៨ ជុំទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសាលប្រជុំ សាលាខេត្តកំពត។
កិច្ចប្រជុំនេះក៏មាន ការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត សរុបប្រមាណ ១១៧នាក់។
ក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានមានប្រសាសន៍ណែនាំដូចខាងក្រោម៖ សំណូមពរ អភិបាលក្រុងស្រុក យកចិត្តទុកចំពោះបរិស្ថានអនាម័យ លើសេវាកម្មម្ហូបអាហារ និងសេវាកម្មលំនៅដ្ឋាន។
សំណូមពរអភិបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវចូលក្នុង ក្រុងកំពតទាំងអស់ ឲ្យបានឆាប់រហ័ស ដើម្បីសម្រួលការ ធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។
ស្នើគណ:កម្មការអន្តរក្រសួង យកចិត្តទុកដាក់ លើទីតាំងទេស ចរណ៍កែបថ្មី និងភ្នំបូកគោ ដែលជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍។
ស្នើអគ្គនាយកក្រុមហ៊ុន សុខាអូតែលបូកគោ សហការណ៍ជាមួយក្រសួង ទេសចរណ៍ ដើម្បីបង្កើតព្រឹត្តិការណ៍ នៅលើភ្នំឲ្យកាន់តែច្រើន។
សំណូមពរជួយរៀប ចំចំណតរថយន្ត គ្រប់ប្រភេទ ក្នុងក្រុងអោយមាន សណ្តាប់ធ្នាប់។
សូមបញ្ជាក់ថា បុណ្យសមុទ្រ នៅខេត្តកំពត លើកទី៨ ជុំទី២ ឆ្នាំ២០១៩ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២០ ដល់ ២២ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង”៕ ដោយលោក សេង ណារិទ្ធ