(ព្រះសីហនុ)៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (G.T.V.C SPEEDBOAT CAMBODIA) និងជាស្ថាបនិកទីតាំងទេសចរណ៍ឈ្មោះ «ឆ្នេរភ្លោះកោះឋានសួគ៌» នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ។ លោកបានចាត់តំណាងឲ្យនាំយកវិទ្យុទាក់ទង (អាយកូម) ចំនួន ១១គ្រឿង ទៅឧបត្ថម្ភជូនកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់យកទៅប្រើប្រាស់ក្នុងកិច្ចការប្រចាំថ្ងៃ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាម្ចាស់ទីកន្លែងសម្រាកលំហែ «ម៉ាហ្វីយ៉ា រីស៊ត (Mafiya Resort)» ផងនោះ បានឲ្យដឹងថា វិទ្យុទាក់ទង (អាយកូម) ចំនួន១១គ្រឿង ដែលបានផ្តល់ជូនកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ពេលនេះ ក្នុង០១គ្រឿងមានតម្លៃ ១០៥ដុល្លារអាមេរិក សរុបទាំងអស់មានចំនួន ១,១៥៥ដុល្លារ។
ឆ្លើយតបទឹកចិត្តមនុស្សធម៌នេះ លោកវរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានថ្លែងអំណរគុណចំពោះទឹកចិត្តមនុស្សធម៌របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលចាត់តំណាងឲ្យនាំយកវិទ្យុទាក់ទង (អាយកូម) ចំនួន១១គ្រឿង មកជួយឧបត្ថម្ភដល់កម្លាំងអាវុធហត្ថស្រុកព្រៃនប់ សម្រាប់យកប្រើប្រាស់ ក្នុងសកម្មភាពចុះបំពេញការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃនៅពេលនេះ។
ឆ្លៀតឱកាសនោះដែរ លោក ពៅ នាវ ក្នុងនាមកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ក៏បានជូនពរ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ព្រមទាំងសហការី សូមឲ្យមានសុខភាពល្អ សុភមង្គល និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងជំនួញជួញដូរផ្សេងៗ។
សូមរំលឹកថា ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានផ្តល់ជូនសម្លៀកបំពាក់ចំនួន ២៤កំប្លេរ ដំបងភ្លើងចំនួន៦ និងពិលចំនួន២ដើម ជូនប្រជាការពារ នៅប៉ុស្តិ៍រដ្ឋបាលឃុំទួលទទឹង ស្រុកព្រៃនប់ សម្រាប់ចុះបំពេញការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការងារមនុស្សធម៌នេះ គេតែងឃើញ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសម្ភារៈឧបត្ថម្ភមនុស្សធម៌នេះដោយផ្ទាល់ខ្លួនលោកផង និងចាត់តំណាងរបស់លោកឲ្យនាំយកជំនួយឧបត្ថម្ភផ្សេងៗ ទាំងថវិកា និងសម្ភារៈនានា យកទៅផ្តល់ជូនកងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នជាបន្តបន្ទាប់នាពេលកន្លងមក ប្រយោជន៍ចូលរួមចំណែកលើសកម្មភាព ថែរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេស ដើម្បីជាលើទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចផងដែរ៕