(ខេត្តកំពត)៖ លោក ហាស់ សូបិន អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីវេទិកាសាធារណៈ ថ្នាក់ក្រោមជាតិ នៅវិទ្យាស្ថានពហុបច្ចេក ទេសភូមិភាគ តេជោសែនកំពត ដែលមានសមាស ភាពចូលរួមមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌជលផល អង្គការសង្គមស៊ីវិល និងសហគមន៍នៅ ខេត្តជាប់តំបន់ឆ្នេររួមមាន៖ ខេត្តកំពត កែប កោះកុង និងខេត្តព្រះសីហនុ សរុបចំនួន ៩០ រូប លើប្រធានបទ “វឌ្ឍនភាព និងការជម្រុញអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងធនធានជលផល” ដែលពិធីនេះបាន ធ្វើឡើងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ០៦រោច ខែបទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
ចំពោះការរៀប ចំវេទិកាសាធារណៈ នេះឡើង ក្នុងគោលបំណង ដើម្បីបង្ហាញពីវឌ្ឍនភាពនៃ ការចូលរួមគ្រប់គ្រង ធនធានជលផល និងពិភាក្សាពីបញ្ហា តម្រូវការរបស់ សហគមន៍ទៅស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជួយអន្តរាគមន៍ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ និងស្វែងរក ដំណោះស្រាយប្រកប ដោយប្រសិទ្ធិភាព ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហការរវាងសហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធនានា និងអង្គការជាដៃគូផងដែរ៕