(ខេត្តកំពត) ៖ នៅមន្ទីរសុខាភិបាល ខេត្តកំពតព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើសិក្ខាសាលា នៃ ពិធីទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១០ របស់ក្រុមប្រឹក្សាគណៈ គ្រូពេទ្យខេត្ត កំពត-កែប ក្រោមធិបតីភាព បើកតាមប្រព័ន្ធ (Zoom) ពីសំណាក់ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
សិក្ខាសាលានេះ មានរយៈ ពេលពេញមួយថ្ងៃ មានការចូលរួមដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រុម ប្រឹក្សាគណៈគ្រូពេទ្យជាតិ សមាជិក សមាជិកា ក្រុមប្រឹក្សាគណៈ គ្រូពេទ្យ មកពី ២៥រាជធានី ខេត្ត តំណាងក្រុមហ៊ុនឱសថ និងអ្នកពាក់ព័ន្ធចូល រួមដោយប្រយោលតាម ប្រព័ន្ធអនឡាញក្នុងទូទាំង ប្រទេសសរុបប្រមាណជាង ៨០០នាក់។
លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យខេត្តកំពត-កែប បានឲ្យដឹង ពីគោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីជាការជួបជុំបង្ហាញនិង ជំរុញការលើកកំពស់ពីវឌ្ឍន ភាពវិជ្ជាជីវៈវេជ្ជសាស្រ្ត សំដៅ ធ្វើយ៉ាងណាពង្រឹង សមត្ថភាពគុណភាព បង្កើននូវគុណវុឌ្ឍ ក្រមសីលធម៌ នៃវិជ្ជាជីវៈគ្រូពេទ្យ ព្រមទាំងសុវត្ថិភាព នៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជាការចូល រួមកាត់បន្ថយហានិភ័យ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្ដល់សេវាសុ ខាភិបាលសាធារណៈនិងឯកជន។
លោក វេជ្ជបណ្ឌិត តាន់ ឆេង អនុប្រធានមន្ទីរសុខាភិ បាលខេត្តកំពត ក៏បានចាត់ទុក អង្កសិក្ខាសាលាដ៏មានសារៈសំខាន់ពេលនេះ គឺជាការរួមចំណែក កសាងសមត្ថភាព និងធនធានមនុស្ស ដើម្បីបង្កើនគុណ ភាពនៃការផ្ដល់សេវាសុខាភិបាល ទាំងវិស័យសាធារណៈ និងឯកជន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព នឹងទទួលបានទំនុកចិត្ត ពីអ្នកប្រើប្រាស់សេវា ក្នុងគោលដៅរួមចំណែក លើកស្ទួយវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ឈ្លៀសវៃ និង ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសនាពេលថ្មីៗ នេះក្នុងការទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ១៩។
តាមរយៈប្រព័ន្ធ online ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជា ប្រធានក្រុមប្រឹក្សាគណៈ គ្រូពេទ្យជាតិ បានមានប្រសាសន៍ បញ្ជាក់ថា ការអភិវឌ្ឍន៍ជំនាញ វិជ្ជាជីវៈគ្រូពេទ្យ គឺចាំបាច់ គ្រូពេទ្យទាំងអស់ត្រូវ បំពេញករណីយកិច្ចវិជ្ជាជីវៈ មិនអាចខ្វះបាន ព្រោះថា គ្រូពេទ្យមិន មែនជាការរកស៊ីទេ ។
ផ្ដើមចេញទាំងនេះ គឺតម្រូវឲ្យគ្រូពេទ្យមាន សមត្ថភាពជំនាញមាំទាំ ច្បាស់លាស់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ ដែលទាមទារឲ្យមាន លក្ខណៈសម្បត្តិចាំបាច់ ដើម្បីធានាថា ការថែទាំ ការព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈទាំង គុណភាពប្រសិទ្ធភាព និងសុវត្ថិភាព។
ឯកឧត្តមបន្តថា បើទោះបីកន្លងមក ស្ថានភាព ការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្វើឲ្យអាក់ខានការរៀបចំសិក្ខាសាលា មួយរយៈពេលធំ ប៉ុន្តែការចាប់ផ្ដើមរៀបចំ ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្ត លើកទី១០ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពត-កែបឡើងវិញ ក្រោមកិច្ចគាំទ្រពី គណៈគ្រូពេទ្យជាតិ និងមន្ទីរសុខាភិបាលខេត្ត កំពតពេលនេះ គឺ ចង់ឱ្យអ្នកចូលរួម ដោយផ្ទាល់ និងប្រយោលទាំងអស់ តាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស ទទួលបានផលពីអង្ក សិក្ខាសាលានេះ ដើម្បីធ្វើយ៉ាងណាធានា ទាំងគុណភាពនិងគុណ ប្រយោជន៍នៃសិក្ខាសាលា សំដៅពង្រឹងបន្ថែម រាល់ការចេះដឹង ឲ្យបានមាំទាំច្បាស់លាស់ថែមទៀត។
ដូច្នេះសមាជិកអង្គសិក្ខា សាលាទាំងអស់ ត្រូវចូលរួមការស្ដាប់ការ សិក្សាស្រាវជ្រាវ ផ្លាស់ប្ដូរ និងចូលរួមកែលម្អ តាមរយៈបទបង្ហាញ និងកាទទួលយកបទពិសោធន៍ ដំណោះស្រាយល្អៗ ចេញពីអង្គរសិក្ខាសាលានេះ ដើម្បីយកទៅបំពេញតួនាទី ភារកិច្ច និងប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួនតាមបណ្ដា មូលដ្ឋានសុខាភិបាលសាធារណៈ ក៏ដូចជាសេវាឯកជន នៅលក្ខខណ្ឌ បច្ចេកទេសនិងសុវត្ថិភាពបាន កាន់តែល្អ ប្រសើរថែមទៀត៕