(ខេត្តកំពត)៖ ផ្ទះលក់ចាប់ហួយចំនួន២ខ្នង ស្ថិតក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ត្រូវអគ្គិសភ័យ លេបត្របាក់ ស្ទើទាំងស្រុង កាលពីវេលាម៉ោង ០០ និង៣០នាទី ឆ្លងអធ្រាត ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ចំពោះការឆាបឆេះនេះ ក្រៅពីបានបំផ្លាញផ្ទះ លក់ចាប់ហួយ២ខ្នង អគ្គិសភ័យក៏បាន ឆាបឆេះម៉ូតូចំនួន២គ្រឿង និងអីវ៉ាន់ចាប់ហួយ ព្រមទាំងសម្ភារៈ មួយចំនួនផងដែរ។
ជុំវិញករណីអគ្គិសភ័យ ឆាបឆេះផ្ទះ២ខ្នងខាងលើ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ការឆាបឆេះនេះ គឺដើមចមបណ្តាលមក ពីផ្ទុះកំប៉ុងហ្គាសតូចៗ ដែលម្ចាស់ផ្ទះ តម្រៀបដាក់លក់ នៅក្នុងផ្ទះជាប្រចាំ ដោយកំប៉ុងហ្គាស មួយចំនួនធំមានបញ្ចូល ហ្គាសពេញរួចហើយ ដើម្បីទុកលក់ដូរជាធម្មតា។ ប៉ុន្តែចំពោះ ករណីផ្ទុះហ្គាសនេះ អាចមកពីមានកំប៉ុង ខ្លះចាស់ពេក ទើបងាយប្រឈម នឹងការផ្ទុះ និងមានភ្លើងឆាប ឆេះដ៏សន្ធោរ សន្ធៅតែម្តង។
សមត្ថកិច្ចដដែលបាន បញ្ជាក់ទៀតថា ក្រោយពីមានករណី ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ទៅ សមត្ថកិច្ចស្នងការដ្ឋាន នគរបាលខេត្តដើម្បី ជួយអន្តរាគមន៍ ដោយខណៈនោះ កម្លាំងពន្លត់អគ្គីភ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉េង ពិសិដ្ឋ ស្នងការរងទទួលផែនការងារ អាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹកនាំកម្លាំងរបស់ ខ្លួនដើម្បីជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្ត បាញ់ទឹកពន្លត់ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន៦រថយន្ត ហើយបានជួយ អន្តរាគមន៍ពន្លត់ រលត់ទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ។
ចំពោះអគ្គីភ័យឆាប ឆេះផ្ទះអ្នកលក់ចាប់ ហួយ២ខ្នងខាងលើនេះ មិនបណ្តាលឱ្យ មានការរងរបួស ឬស្លាប់បាត់បង់ ជីវិតមនុស្សនោះទេ ដោយគ្រាន់តែ ខូចខាតអីវ៉ាន់ចាប់ហួយ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ៕