សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់តារាចម្រៀង អាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ ដែលកំពុងសម្រាក ព្យាបាលនៅ​មន្ទីរពេទ្យ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នៅរសៀលថ្ងៃទី  ២១ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ឱ្យលោក ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ រងទី១ ជួបសំណេះ សំណាលជាមួយ លោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខ ពីស្ថានភាពជំងឺ និងឧបត្ថម្ភ ថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់លោក ព្រហ្ម ម៉ាញ តារាចម្រៀង អាយ៉ៃជើងចាស់ វ័យ៧២ឆ្នាំ ដើម្បីជួយសម្រាល ការលំបាកក្នុងពេល សង្គ្រោះបន្ទាន់ និងកំពុងសម្រាក ព្យាបាលជំងឺលើស ឈាម នៅមន្ទីរពេទ្យប៉ា ស៊ីហ្វិកភ្នំពេញ។

ក្នុងឱកាសជួបសំណេះ សំណាលនោះ លោកជំទាវអគ្គលេខា ធិការរងទី១ បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរ សុខទុក្ខ និងការគិតគូរពី សុខភាព របស់លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករ ជើងចាស់ មានស្នាដៃជាច្រើន ក្នុងការចូលរួមលើក កម្ពស់វិស័យសិល្បៈ តាមរយៈការសម្តែង និងច្រៀងអាយ៉ៃ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើពីការថែទាំសុខភាព អនុវត្តតាមវេជ្ជ បញ្ជាគ្រូពេទ្យ និងសូមឱ្យឆាប់បាន ជាសះស្បើយ មានសុខភាពល្អ រឹងមាំឡើងវិញ។

ជាកិច្ចឆ្លើយតប លោកស្រី ម៉ាញ មសកា កូនស្រីរបស់លោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារ បានសម្តែងនូវ ការដឹងគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតា មនុស្សធម៌ ដែលតែងតែយក ចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ ប្រជាពលរដ្ឋជួប ការលំបាក ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការ នយោបាយអ្វីឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *