(ខេត្តកំពត)៖ ខណៈដែលបុណ្យ ចូលឆ្នាំខ្មែប្រពៃណីជាតិ កាន់តែខិតជិតមកដល់ សេវាស្នាក់នៅក្នុង ខេត្តកំពត និងខេត្តកែប បើគិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានភ្ញៀវទេសចរ កក់សម្រាប់ស្នាក់នៅ ប្រមាណ80%ហើយ។
ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សេវាស្នាក់នៅ ខេត្តកំពត ដូចជាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ រហូតដល់ពេលនេះ ត្រូវបានភ្ញៀវទេសចរកក់ ស្ទើរពេញអស់ទៅហើយ សម្រាប់ឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ។
លោកប្រធានមន្ទីរបានបន្តថា ដោយឡែកសម្រាប់ នៅតាមតំបន់រមណីយ ដ្ឋាននានានៅក្នុងខេត្ត ក៏បានត្រៀមលក្ខណៈ រួចរាល់ជាប្រចាំ សម្រាប់ទទួលភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ហើយមន្ត្រីជំនាញ របស់មន្ទីរតែងតែងចុះ ទៅណែនាំអប់រំបន្ថែម ជាញឹកញាប់អំពីការអនុវត្ត វិធានសុវត្តិភាពទេសចរណ៍ សេស. អូ .ភី (SOP) ហើយកន្លងមកឃើញ ថាការអនុវត្តបានល្អប្រសើរ មិនមានបញ្ហាណាមួយ កើតឡើងនោះទេ ចំណែកទេសចរក៏មាន ការចូលរួមអនុវត្ត វិធានការពារខ្លួន បានល្អដែរ។
លោកបានបញ្ជាក់ផងដែរ ថាតំបន់ទេសចរណ៍ នៅខេត្តកំពតមានការ អភិវឌ្ឍន៍ទៅមុខជាដ៏រាប ពិសេសរយៈពេលចុងក្រោយ សេវាស្នាក់នៅ មានលក្ខណៈសំបូរបែប និងប្រកួតប្រជែងគ្នាខ្លាំង ទាំងសេវាកម្មល្អ អនាម័យស្អាត បរិស្ថានបៃតង់ ការតប់តែងលម្អ បែបអេកូទេសចរណ៍ ជាដើមដែលភ្ញៀវ អាចសម្រាកនិង កម្សាន្តបានតែម្តង។ចំពោះតម្លៃសេវាស្នាក់នៅ ក៏ដូចជាសេវាចំណីអាហារ ពុំមានការដំឡើង ថ្លៃហួស ហេតុនោះទេ។
ចំណែកម្ចាស់រមណីយដ្ឋាន ដូងទេ លោក រតនា បានឲ្យដឹងដែរថា សម្រាប់ពិធីបុណ្យ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុននេះ ភ្ញៀវបានកក់កន្លែង ស្នាក់នៅប្រមាណ ៨០%ហើយ ចំណែកខ្ចូសអង្គុយ លេងក៏មានការកក់ទុក ផងដែរ ព្រោះកន្លែងលោកនឹងមានការ រៀបចំកម្មវិធីជាច្រើន ដូចជាការប្រគំតន្ត្រីរាំ លេងកម្សាន្ត ការចាប់កាដូយករង្វាន់ និងការបាញ់កាំជ្រូចជាដើម។
ដោយឡែក បើតាមការ លើកឡើងពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប បានបញ្ជាក់ដែរថា រហូតមកដល់ថ្ងៃទី ០៨ខែមេសា ឆ្នាំ២០២២ នេះ មានអ្នកទេសចរមក កក់កន្លែងស្នាក់នៅ ជាង៨០%ហើយ ឯតម្លៃពុំមានការឡើង ថ្លៃលើសពីគោលការកំណត់ នោះឡើយ៕