ខេត្តព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណី រក្សាទុកគ្រឿងញៀនមួយកន្លែង និងធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់ កាលពីវេលាម៉ោង១១ នឹង៣០នាទី ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការនេះ លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកជាំក្សាន្តបានដឹកនាំកម្លាំងចំនួន ០៦នាក់ រថយន្ត០២គ្រឿង បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក និងផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ និងលួចលាក់រក្សា ទុកនូវអាវុធគ្មាន ច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ។
ជនសង្ស័យទាំង០៣នាក់ ខាងលើត្រូវបានកម្លាំង អាវុធហត្ថឃាត់ខ្លួន បានរួមមាន៖ ទី១. ឈ្មោះ អាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទី២. ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។និង ទី៣. ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងជំនាញដក ហូតបាន វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៏សថ្លា សង្ស័យថ្នាំញៀនចំនួន ០៦កញ្ចប់ (កញ្ចប់ធំ០១ និងកញ្ចប់តូច០៥) ទម្ងន់ស្មើ ២.៤៨ក្រាម, កាំភ្លើង CKC កាត់ចំនួន០១ដើម, គ្រាប់អាកា៤៧ ចំនួន២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប់M16 ចំនួន០៥គ្រាប់, ដាវចំនួន០២ដើម, ទូរស័ព្ទដៃចំនួន០៤គ្រឿង, លុយខ្មែរចំនួន៥ម៉ឺនរៀល, កាណុងកាំភ្លើង ច្នៃចំនួន០២។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយ នឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កងរាជអាវុធ ហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្ត ទៅកងរាជអាវុធ ហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕