(ខេត្តកំពង់ឆ្នាំង)៖ ក្មេងប្រុស ស្រី២នាក់ ជាបងប្អូនជីដូន មួយបង្កើត បានស្លាប់ទាំងពីរនាក់ បន្ទាប់ពីនាំគ្នា ចុះទៅបេះផ្លែឈូក ក្នុងបឹងមួយកន្លែង ដែលមានចម្ងាយ ពីផ្ទះប្រហែល១០០ម៉ែត។ ហេតុការណ៍ដ៏ រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង៧ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិ ត្រពាំងពោធិ៍ ឃុំឃុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពី លោក ប៉ែន សុផារី អធិការរងនគរបាល ស្រុកបរិបូរណ៍បាន ឱ្យដឹងថា កុមាររងគ្រោះ ដោយសារលង់ទឹក ស្លាប់ទី១-ឈ្មោះ យ៉ុង វន្នី ភេទស្រី អាយុ១២ឆ្នាំ ទី២-ឈ្មោះ យ៉ុង បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ កុមាររងគ្រោះទាំង២ជាបងប្អូន ជីដូនមួយ ដែលមានឪពុកឈ្មោះ សុខ ធី និងម្ដាយឈ្មោះសុខ នី មានទីលំនៅភូមិ ត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។
លោក ប៉ែន សុផារី អធិការរងបានឱ្យ ដឹងទៀតថា យោងតាមសាក្សី ពីកន្លែងកើត ហេតុបានប្រាប់ថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង ២នាក់ខាងលើបានទៅ បេះផ្លែឈូកជាមួយ ឪពុកនិងម្ដាយមីង ប៉ុន្តែពេលបេះផ្លែ ឈូកនោះពួកគេបានដើរ បែកគ្នានៅក្នុងបឹង មួយកន្លែងមានចម្ងាយ ប្រមាណ១០០ម៉ែត្រពីខាង ក្រោយផ្ទះរបស់ពួកគេ។
ខណៈដែលកំពុងដើ របេះផ្លែឈូក ឪពុកនិងម្តាយមីង បានបាត់មិនឃើញក្មួយៗ ក៏ដើរត្រឡប់មក វិញ ហើយមានការ សង្ស័យក៏ចុះរាវក្នុង បឹងស្រាប់តែឃើញក្មួយៗ លង់ទឹកស្លាប់អោបគ្នា ទាំង២នាក់បាត់ទៅ ហើយ ។
បន្ទាប់ពីរាវរកឃើញ សពកូននិង ក្មួយហើយ ភ្លាម ក្រុមគ្រួសារបាន ដឹកយកក្មេងរង គ្រោះទាំង២នាក់ ក៏ដឹកកូននិង ក្មួយយកទៅមណ្ឌល សុខភាពស្រុកបរិបូរណ៍ ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ហើយត្រូវបាន ក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគេបានស្លាប់បាត់ទៅហើយ និងបានប្រគល់សពឱ្យ សមត្ថកិច្ចធ្វើកោសល្យវិច័យ ព្រមទាំងប្រគល់សព ទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ លោក ផាន់ ប៊ុនថុន