(ខេត្តកែប)៖ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ការដំឡើងថ្លៃមុខម្ហូបអាហារ ឬសម្ភារៈផ្សេងៗក្នុងពិធី បុណ្យជាតិនានា ហាក់ដូចជាបោកឆ្នាំង ចានរបស់ខ្លួន។
ដូច្នេះក្រុមអាជីវករទាំង ឡាយដែលប្រកប អាជីវកម្មគ្រប់ប្រភេទ ក្នុងរមណីយដ្ឋានឆ្នេរកែប គួរកុំដំឡើងថ្លៃរបស់របរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬក្នុងព្រឹត្តិការណ៍ផ្សេងៗឲ្យសោះ។
ការលើកឡើងបែប នេះក្នុងឱកាសដែល លោកអភិបាលខេត្តកែប មានប្រសាសន៍ក្នុងទិវាពិភពលោកស្អាត ២១កញ្ញា ឆ្នាំ២០១៩ ដែលបានរៀបចំឡើង ដោយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ ខេត្តកែប កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមាត់ឆ្នេរលេងទឹកខេត្តកែប។
លោក កែន សត្ថា អភិបាលខេត្តបាន សង្កត់ធ្ងន់ទៀតថា ដើម្បីធ្វើឲ្យទីក្រុងយើងស្អាត ពិសេសទីប្រជុំជនដែលកំពុង ប្រឈមនឹងការកើន ឡើងនូវបរិមាណសំរាម សំណល់រាវ-រឹង និងការថយចុះគុណភាពទឹក ដី និងខ្យល់ គួរណាស់យើងត្រូវរួមគ្នា យកចិត្តទុកដាក់ ក្នុងការស្វែងរកវិធាន ការទប់ស្កាត់និងដោះស្រាយ ឲ្យបានសមស្រប និងបង្កើនការយកចិត្ត ទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយ ស្មារតីទទួលខុសត្រូវ ដើម្បីស្វែងរក ជម្រើសដ៏ប្រសើរក្នុងការ គ្រប់គ្រងអនាម័យ បរិស្ថានឲ្យមាននិរន្តរភាព ដើម្បីឲ្យស្របជាមួយ នឹងការបង្កើនភាពប្រកួត ប្រជែងក្នុងតំបន់ ឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា “ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី”។
ជាមួយគ្នានេះ លោក កែន សត្ថា អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវតែ ពិនិត្យរាល់សកម្មភាព ទាំងឡាយណាដែលធ្វើឲ្យ ប៉ះពាល់ផ្នែកបរិស្ថាន និងការផ្តល់សេវាកម្ម ទេសចរណ៍ជូនភ្ញៀវ ដោយត្រូវណែនាំដល់ ក្រុមអាជីវករកុំឲ្យដំឡើង ថ្លៃសេវាម្ហូបអាហារលើស ពីគោលការណ៍ ដែលនាំឲ្យប៉ះពាល់ដល់ អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមក សម្រាក លម្ហែ កម្សាន្ត នៅខេត្តទេសចរណ៍ របស់យើង។
សូមជម្រាបផងដែរថា ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងរមណីយដ្ឋានឆ្នេរកែប ក៏មានកើតបញ្ហាបន្តិច បន្តួចដោយសារមានការ ជជែកតតាំងគ្នារវាងអាជីវករ ម្ចាស់តូបលក់ដូរ ជាមួយភ្ញៀវទេសចរ រឿងតម្លៃសេវាថ្លៃ ជួលកន្លែងអង្គុយ ញ៉ាំអាហារ ប៉ុន្តែករណីនេះ ត្រូវបានដោះ ស្រាយរួចរាល់ហើយ ខណៈមានអន្តរាគមន៍ភ្លាមៗ ពីលោកប្រធានមន្ទីរទេស ចរណ៍ខេត្តកែប។
ទាក់ទិននឹងករណីមិនគួរ កើតឡើងបែបនេះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប បានប្រាប់អ្នកយក ព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះថា បញ្ហានេះជាការភាន់ ច្រឡំរវាងម្ចាស់តូប និងភ្ញៀវ ពោលគឺបណ្តាលមក ពីស្តាប់ហេតុផលមិនច្បាស់ លាស់ ទើបមានការជជែកគ្នារឿង តម្លៃតូបអង្គុយ ប៉ុន្តែនេះជាបញ្ហាតូច តាចប៉ុណ្ណោះ ហើយភាគីទាំងសងខាង ក៏បានអធ្យាស្រ័យគ្នាទៅវិញ ទៅមកហើយដែរ៕