ភ្នំពេញ៖ ទីបំផុត ឃាត់ខ្លួនមិនបាន ប៉ុន្មានម៉ោងផង អតីតស្នងការរង នគរបាលខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានដោះលែង ឱ្យចេញពីពន្ធនា គារខេត្តកណ្តាល វិញហើយ កាលពីព្រលប់ថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ។
ការដោះលែងអតីត ស្នងការរងដ៏ល្បី ល្បាញនេះ ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយកាសែត ចុះផ្សាយព្រោងព្រាត ពីការចាប់ខ្លួនរូបលោក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ តាមអំណាចសាល ក្រមរបស់តុលាការ សាលាដំបូង ខេត្តកណ្តាល ដែលបានចេញ តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល បានប្រាប់អ្នក កាសែតថា ជានីតិវិធី គឺឱ្យគាត់ ត្រឡប់ទៅផ្ទះវិញហើយ តាមដីកាបញ្ឈប់ ឱ្យចាប់ខ្លួន លេខ២៩ ដ.ក.ឧ/២២ របស់សភាព្រហ្មទណ្ឌ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
លោក ស្រេង សុខា ហៅ ទ្រី ត្រូវបានតុលាការ ខេត្តកណ្តាល ផ្តន្ទាទោសដាក់ ពន្ធនាគារកំណត់ រយៈពេល ១ឆ្នាំ ៦ខែ ពីបទប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
ក្នុងដីកាចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រម រស់ ផុនចាន់និមល ចៅក្រមជំនុំជម្រះ បានបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី និងបង្គាប់ឱ្យ កម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនបុគ្គល ស្រេង សុខា ហៅ ទ្រី ទៅបង្ហាញខ្លួន នៅមុខព្រះរាជអាជ្ញា និងធ្វើការឃុំខ្លួន តាមអំណាចសាល ក្រមរបស់តុលាការ។
ក៏ប៉ុន្តែនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ទើបមានដំណឹងពី ការចាប់ខ្លួនលោក សេង សុខា ហើយមានរូបថត សរសេរថា លោក ស្រេង សុខា ត្រូវបានឃុំខ្លួន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ។
ក៏ប៉ុន្តែនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ក៏មានការផ្សព្វផ្សាយ នូវដំណឹងថា លោក ស្រេង សុខា ត្រូវបានដោះលែង ចេញពីពន្ធនាគារខេត្ត កណ្តាលវិញហើយ ដោយមានទាំងដី កាបញ្ឈប់ឱ្យចាប់ខ្លួន ចេញដោយលោក គី ឫទ្ធី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះទី៦ នៃសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។
ក្នុងដីការបស់ សាលាឧទ្ធរណ៍ លើកឡើងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សភាព្រហ្មទណ្ឌនៃ សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចឱ្យឈ្មោះ ស្រេង សុខា និងឈ្មោះ ប៉ែន សុគន្ធ រួចផុតពីបទ ប្រើអំពើហិង្សាទៅ លើអ្នកកាន់កាប់ អចលនវត្ថុដោយ សុចរិត និងបានសម្រេច បញ្ឈប់ដីកា បង្គាប់ឱ្យចាប់ខ្លួន របស់តុលាការ ខេត្តកណ្តាល លើឈ្មោះ ស្រេង សុខា និងឈ្មោះ ប៉ែន សុគន្ធ របស់ចៅ ក្រមជំនុំជម្រះសាលាដំបូង ខេត្តកណ្តាល។ ដូច្នេះប្រធានក្រុម ប្រឹក្សាជំនុំជម្រះ លោកចៅក្រម គី ឫទ្ធី បានសម្រេច បង្គាប់មក ភ្នាក់ងារមានសមត្ថកិច្ច បញ្ឈប់ការ ចាប់ខ្លួនឈ្មោះ ស្រេង សុខា និងឈ្មោះ ប៉ែន សុគន្ធ។
គួររម្លឹកថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាក ការងារជាបណ្តោះអាសន្ន ពីតួនាទីជាស្នងការ រងនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល។
ការសម្រេចផ្អាក ការងារជាបណ្តោះ អាសន្ននេះ ក៏ដោយសារអតីត ស្នងការរងខេត្ត កណ្តាលរូបនេះ មានរឿង អាស្រូវជាច្រើន រួមបញ្ចូលទាំង ការហ៊ានយកឈ្មោះ លោក ម៉ៅ ភិរុណ ទៅគំរាម មេឃុំរការខ្ពស់ បញ្ជាអោយ ស៊ីញ៉េរឿងដីបឹង ទទឹងថ្ងៃ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សម្ញែងទ្រព្យសម្បត្តិ ចំណាយលុយ អោយអនុរដ្ឋ លេខាធិការម្នាក់ រត់ការយក តំណែងជាអគ្គធិការរង និងបំពានច្បាប់ ដោយហែកដីកា ដែលតុលាកា របិទផ្អាកមិនអោយ ដំណើរការផ្ទះសំណាក់ ជាដើម។ ក៏ប៉ុន្តែអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានកោះ ហៅសាកសួរ និងស្រាវជ្រាវ លើករណីលោក ស្រេង សុខា ហើយលទ្ធ ផលចុងក្រោយ គឺលោក ស្រេង សុខា មិនមានកំហុស ក្នុងអំពើពុករ លួយឡើយ៕