(ខេត្តព្រៃវែង)៖ សត្វជ្រូករស់ជិត ១០០ក្បាល ត្រូវបានមន្ត្រីជំនាញ អគ្គនាយកដ្ឋាន សុខភាពសត្វ ចាប់ឃាត់បាននៅ ខណៈពេល ដែលឈ្មួញ កំពុងដឹកជញ្ជូន នៅលើកំណាត់ ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ ស្រុក កំពុងត្របែក ខេត្តព្រៃវែង។ សត្វជ្រូកទាំងអស់នេះ ត្រូវបានក្រុមឈ្មួញ ដឹកតាមរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F 9874 គោលដៅឆ្ពោះទៅ កាន់ទីផ្សារក្នុងរាជ ធានីភ្នំពេញ ប៉ុន្តែពេលមក ដល់ចំណុចគល់ ស្ពានក្បាលក្របី ក្នុងឃុំកំពង់ត្របែក ក៏ត្រូវកំលាំង មន្ត្រីជំនាញ អគ្គនាយកដ្ឋាន សុខភាពសត្វ ចាប់ឃាត់បាន នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១២មិថុនា។
លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមបង្ក្រាប អគ្គនាយកដ្ឋាន សុខភាពសត្វ នៃក្រសួងកសិកម្ម បានអោយដឹងថា ការចាប់ឃាត់សត្វ ជ្រូកទាំងអស់នេះ គឺដោយសារ ពិនិត្យឃើញថា ជាសត្វជ្រូក ដែលក្រុមឈ្មួញ លួចនាំចូលពី ប្រទេសវៀតណាម ដោយខុសច្បាប់ ហើយក្រោយ ពេលដែលមន្ត្រីជំនាញ ចាប់ឃាត់ភ្លាម ក្រុមឈ្មួញបាន យករថយន្ត ២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមានបំពាក់ភ្លើង សារ៉ែននៅពីលើ មកបិទខាងមុខ និងខាងក្រោយ រថយន្តមន្ត្រីជំនាញ ក្នុងបំណងចង់គាប និងរំដោះយក រថយន្តដឹកជ្រូក ទៅវិញ ប៉ុន្តែបន្តិច ក្រោយមក ដោយឃើញ មានអ្នកសារព័ត៌មាន ចុះទៅដល់ និងតាមថតរូប ភាពផងនោះ ទើបរថយន្តសារ៉ែន របស់ក្រុមឈ្មួញ ដែលបិទខាងមុខ បានដកថយ និងត្រឡប់ទៅ ក្រោយវិញ ទើបធ្វើអោយ មន្ត្រីជំនាញ មានឱកាសអាចនាំ យករថយន្តដឹកជ្រូកនោះ មកកាន់នាយក ដ្ឋានបានដោយ ជោគជ័យ។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា គិតមកដល់ ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១២មិថុនា មន្ត្រីជំនាញ នៅមិនទាន់បានរាប់ ចំនួនសត្វជ្រូក នៅលើរថយន្តនោះ នៅឡើយទេ ដោយរង់ចាំអោយ ម្ចាស់ជ្រូក មកដល់ ទើបរាប់។
ប៉ុន្តែមន្ត្រីជំនាញ បានយកសំណាក ឈាមជ្រូក ទៅពិនិត្យហើយ។ បើលទ្ធផលឃើញថា មានមេរោគនោះ ត្រូវអនុវត្តតាម វិធានបសុពេទ្យ គឺដុតកំទេចចោល។ ប៉ុន្តែបើមិនឃើញ មានមេរោគទេ គឺគ្រាន់តែផាកពិន័យ ចន្លោះពី ១០ ទៅ ១៥លានរៀលប៉ុណ្ណោះ៕