(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់ ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មក បំពេញកាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ ចំពោះរថយន្តចង្កូតស្តាំ ខណៈថ្ងៃឱសាន វាទនៅតែជាង ១០ថ្ងៃប៉ុណ្ណោះ ពោលគឺយុទ្ធនាការ ប្រមូលពន្ធនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែល ទទួលបាននៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០២២នេះបញ្ជាក់ថា «អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំលឹកដល់ម្ចាស់ រថយន្តគ្មានពន្ធ មានស្រាប់ ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញ កាតព្វកិច្ចពន្ធ និងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ ថ្ងៃឱសានវាទនេះ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការ បង្រ្កាបយ៉ាងម៉ឺងម៉ាត់។
ចំពោះរថយន្តចង្កួត ឆ្វេងដែលបង្រ្កាបបាន និងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យ តាមបទប្បញ្ញត្តិជាធរមាន។
ចំណែករថយន្តចង្កូតស្តាំ ដែលជាប្រភេទទំនិញ ហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាប បាននឹងត្រូវ កម្ទេចចោល ឬដោះបំបែកជាគ្រឿង បន្លាស់តាមនិតិ វិធីជាធរមាន៕