(ភ្នំពេញ) ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាងអនាធិបតេយ្យត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវដាក់កម្លាំងឆ្មក់ចុះបង្ក្រាបឃាត់ខ្លួនមនុស្សបានចំនួន៤នាក់ ដកហូតបានមាន់ចំនួន ១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន០២គ្រឿង ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង និងម៉ូតូចំនួន ០៩គ្រឿង។
ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់និងល្បែងស៊ីសងអាប៉ោងធ្វើឡើងនៅវេលាម៉ោង៣:២០នាទីនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឱ្យដឹងថា មុនឈានដល់ការចុះឆ្មក់បង្ក្រាបទីតាំងនេះបានសម្រេច ដោយទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានច្បាស់ការរួចហើយបានចាត់កម្លាំងចុះច្បាមស្រាវជ្រាវ កំណត់ទីតាំងបានឡោមព័ទ្ធនិងចុះបង្ក្រាបតែម្ដង។ លោកអភិបាលបានបញ្ជាក់ថា ក្រោយប្រតិបត្តិការទីតាំងរោងជល់មាន់នេះដែលធ្វើពីដែកប្រកស័ង្កសី គឺបានឱ្យកម្លាំងរុះរើចេញអស់មិនឱ្យកើតមានឡើងវិញឡើយ។ ក្រោយពេលបញ្ចប់ប្រតិបត្តិការទាំងមនុស្ស និងវត្ថុតាងត្រូវបានកម្លាំងនាំយកទៅអធិការនគរបាលខណ្ឌឬស្សីកែវយកមកធ្វើការសាកសួរដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕