ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ២នាក់ជាប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមមុន នឹងបញ្ជូនខ្លួនទៅតុលាការ។
គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ (ក៥) ដោយសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសម្របសម្រួល ដោយលោក ស៊ិវង្ស សា វ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់; ១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។ ២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យករួមមាន៖សារធាតុញៀន៥៤ គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម ហេរ៉ូអ៊ិន (HEROIN) ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម មេតំហ្វេតាមីន (ICE) ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម កេតាមីន (KETAMINE) ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម សារធាតុមិនច្បាស់ទម្ងន់១៩៣ក្រាម។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយលោកសឿនហៀរឡុង