(ខេត្តកំពត)៖ រថយន្តម៉ាកសាម យ៉ុងមួយគ្រឿង ដែលដឹកកម្មករ បានបែកកង់មុខ ផ្នែកខាងស្តាំ បាន ក្រឡាប់បណ្តាល ឲ្យកម្មករដែលជិះលើ រថយន្តចំនួន២៤នាក់ រងរបួសធ្ងន់ស្រាល ប៉ុន្តែ ហេតុ ការណ៍នេះពុំមាន កម្មករណាម្នាក់ស្លាប់ បាត់បង់ជីវិតនោះឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៦និង ១៥នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុចឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ចន្លោះ គ.ម លេខ (៦១-៦២) នៃកំណាត់ ផ្លូវជាតិលេខ៤១។
ទាក់ទិននឹងករណី គ្រោះថ្នាក់បណ្តាលឲ្យ កម្មកររងរបួសធ្ងន់ ស្រាលខាងលើ លោកវរសេនីយ៍ ឯក ម៉ី សុខុម អធិការនគរ បាលស្រុកជុំគិរី បានប្រាប់ឲ្យដឹងថា ហេតុការណ៍ គ្រោះថ្នាក់ចរាចរ នេះ ពុំមានអ្នកណារងគ្រោះ បាត់បង់ជីវិតនោះទេ គ្រាន់តែធ្វើឲ្យកម្មករ ចំនួន២៤នាក់រងរបួស ក្នុងនោះស្រ្តីមាន២១នាក់ និងបុរស៣នាក់ ដោយខណៈនេះ ត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗនៅ ឯមន្ទីរពេទ្យស្រុកឈូក និងមន្ទីរពេទ្យខេត្តតាកែវ។
លោកអធិការបាន បញ្ជាក់ទៀតថា រថយន្តនេះម៉ាក សាមយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំ ពេញ 2AZ-1542 ធ្វើដំណើរក្នុងទិស ដៅពីត្បូងទៅជើង (ពីស្រុកជុំគីរី ទៅរោងចក្រ បឹងត្រកួន ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ) ហើយមូលហេតុ បណ្តាលឲ្យរថយន្ត នេះក្រឡាប់ គឺស្របពេល កំពុងបើកបរ រថយន្តក៏បានបែក កង់មុខផ្នែកខាងស្តាំ ដោយបានផ្អៀង ក្រឡាប់ទាំងកំរោល បណ្តាលឲ្យកម្មករ ដែលជិះក្នុងរថយន្តទាំងប៉ុន្មាន រងរបួសធ្ងន់ ស្រាលតែម្តង។
បច្ចុប្បន្ន កម្មករដែលរង របួសទាំង២៤នាក់ ត្រូវសមត្ថកិច្ចដឹកទៅ សង្គ្រោះព្យាបាលនៅ មន្ទីរ ពេទ្យស្រុកឈូក ចំនួន៨នាក់ ចំណែក១៦នាក់ទៀត ត្រូវបានដឹកបន្តទៅ សង្គ្រោះព្យាបាល នៅឯមន្ទីរ ពេទ្យខេត្តតាកែវ៕