ជនរងគ្រោះដែល ត្រូវសត្វខ្លាឃ្មុំទះ និងចាប់ហែកខ្វាចនោះ គឺជាព្រានព្រៃ (អ្នកដាក់អន្ទាក់សត្វ)

(ខេត្តពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្ស ការិយាល័យ ឧទ្យានជាតិ នៃមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់  អនុវត្តគម្រោង កម្មវិធីការពារ ព្រៃឈើតំបន់ ជួរភ្នំក្រវាញ ប្រចាំស្នាក់ការ អូរសោម ដោយមាន  ការចូលរួម ពីបុគ្គលិកអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ បានចុះពិនិត្យជាក់ស្តែង ដល់ទីតាំងកើតហេតុ ដែលសត្វខ្លាឃ្មុំទះ និងចាប់ហែកខ្វាច ប្រជាពលរដ្ឋ ចំនួន០២នាក់ បណ្តាលឱ្យ រងរបួសធ្ងន់ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ត្រង់និយាមការ (0301726- 1324273) នៅចំណុចទឹក ធ្លាក់ឆាយបីជាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំង មន្ត្រីឧទ្យានុរក្ស បានប្រាប់ភ្នាក់ ងារព័ត៏មានយើង ឱ្យដឹងថា ក្នុងប្រតិបត្តិការ ចុះពិនិត្យទីតាំង កើតហេតុជាក់ស្តែង ក្រុមមន្ត្រីបានប្រទះ ឃើញស្លាកស្នាម សត្វជាប់អន្ទាក់  ហើយឃើញមាន សំណាកសត្វនៅ ទីនោះដូចជា៖ ក្រចក១ ស្បែក និងរោមមួយចំនួន។

នៅក្បែនោះ ឃើញមាន ស្បែកជើង០២គូរ និងមួក០២ និងបានសារអន្ទាក់សត្វ ប្រភេទខ្សែលីឡុង បានចំនួន០៥ខ្សែ ចេញពីទីនោះ។

ប្រភពបានបន្ថែមថា ច្បាស់ណាស់ ដែលយើងអាច ដាក់ការសន្និដ្ឋានថា ជនរងគ្រោះទាំងពីរ គឺ ជាព្រានព្រៃ (អ្នកដាក់អន្ទាក់សត្វ) ហើយខ្លាឃ្មុំធំជាប់ អន្ទាក់ជើង មួយចំហៀង ពេលឃើញពួក គាត់ទៅដោះអន្ទាក់ វាក៏ប្រឹង រើបំរាស់របូត រោម និងក្រចកជើង រួចចេញពីអន្ទាក់ ទើបចាប់ផ្ដើម វាយប្រហារលើ ជនរងគ្រោះទាំងពីរ ដើម្បីការពារ និងរត់គេចខ្លួន។

សូមបញ្ជាក់ថា នាវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅ ចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិ ឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណី សត្វខ្លាឃ្មុំទះ និងចាប់ហែក បណ្តាលឱ្យរង របួសធ្ងន់មនុស្ស០២នាក់។

ជនរងគ្រោះ មានឈ្មោះ ងុយ ងឿន អាយុ៣៣ឆ្នាំ ជាប្រជាការពារភូមិ (រងរបួសធ្ងន់) និងឈ្មោះ ភី ភក្តី អាយុ២៩ឆ្នាំ (រងរបួសធ្ងន់)។ ទាំងពីរនាក់រស់នៅ ចំណុចឧបសម្ព័ន្ធ ស្ទឹងតាចាន់ ក្នុងភូមិ ឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

បច្ចុប្បន្នជនរង គ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាល នៅគ្លីនិចឯកជន ក្នុងឃុំអូរសោម  ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *