(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធ្វើ សកម្មភាពដេញ កាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ នៅចំណុចផ្លូវ៥៥៥ ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការ នេះ អាវុធហត្ថ បានចាប់ យកវត្ថុតាង រួមមាន ម៉ូតូចំនួន០៤គ្រឿង និងដាវ ចំនួន១ដើម។
ជនសង្ស័យទាំង ០៦នាក់ មានឈ្មោះ ៖ ទី០១ឈ្មោះ ហេង បូណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់ ស្នាក់នៅភូមិ ទឹកថ្លា សង្កាត់ទឹកថ្លា។ ទី០២ឈ្មោះ ទឹម ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិ ព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ទី០៣ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា។ ទី០៤ឈ្មោះ កេង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ទី០៥ឈ្មោះ សាំង គីមងី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់។ និងទី០៦ឈ្មោះ មុី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ បប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចជំនាញ មូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីវេលាម៉ោង០៣ និង០០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះ បានជិះម៉ូតូ០១ គ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ សេរី ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IJ 1047 មកពីហូបអី លុះមកដល់មុខផ្ទះជួល ស្រាប់តែមាន ជនសង្សយ័០១ក្រុម មានគ្នា០៨នាក់ មធ្យោបាយម៉ូតូ ០៤គ្រឿង ប្រដាប់ដោយដាវ០១ដើម បានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូពី ជនរងគ្រោះរួច រត់គេចខ្លួនបាត់អស់។
បន្ទាប់ពីកើតហេតុ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានចុះទៅដល់ទីតាំង ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៣និង០០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ អាវុធហត្ថខណ្ឌ បានឃាត់ខ្លួន ជនសង្ស័យ ចំនួន០៤នាក់ នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រួចក៏បន្តឃាត់ ខ្លួនបានចំនួន០២នាក់ ទៀតនៅចំណុចផ្សារ ទំនើបអ៊ីអន២។ រីឯបក្ខពួក០២នាក់ ដែលរត់គេចខ្លួន សមត្ថកិច្ចកំពុង ស្រាវជ្រាវតាម ចាប់ខ្លួនបន្ត។
បច្ចុប្បន្នជនសង្ស័យ ទាំង០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅ ការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការ សាកសួរបន្ថែម និងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕