ខេត្តពោធិសាត់ ៖ នៅរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះសមត្ថកិច្ចនគរបាល និងយោធា បានសហការគ្នារុករកឃើញជនរងគ្រោះ ជាប្តី និងកូន ហើយនៅសល់ តែសពប្រពន្ធ (ម្តាយ) ដែលបានស្លាប់ដោយសារតែគ្រោះ ធម្មជាតិ ទឹកហូរកាត់ថ្នល់ ហើយត្រូវទឹក ហូរកួចចូលស្ទឹង យកទៅទាំងបីនាក់តែម្តង ក្នុងអំឡុងពេលភ្លៀង កំពុងធ្លាក់ ។
បើទោះបីជាមិនដឹងទឹកហូរកួច ទៅដល់ណាក៏ដោយ មកទល់នឹងពេល នេះ សមត្ថកិច្ចនគបាល និងយោធា កំពុងតែសហការគ្នា បន្តរុករកសព ស្ត្រីរងគ្រោះនោះ ។
ករណីនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៦និង២៥ នាទី ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដោយសារគ្រោះថ្នាក់ធម្មជាតិ រយៈពេល ៣ ថ្ងៃមកហើយ ដែលទឹកហូរកាត់ផ្លូវ កួចយកមនុស្ស និងម៉ូតូ ធ្លាក់ចូលទៅក្នុងស្ទឹង បណ្តាលឱ្យស្លាប់មនុស្សបីនាក់ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រ លេខ១៥៥ និង ១៥៦ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាវែង ខេត្តពោធិ៍សាត់ ។
សាកសពជនរងគ្រោះ ទាំង៣នាក់ រួមមាន ៖ ១.ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ២. ប្រពន្ធរបស់ជនរងគ្រោះ ជា សុខគឿន ដែលគេមិនទាន់ស្គាល់ ឈ្មោះ (រកសពមិនទាន់ឃេីញ) និង ៣.មិនទាន់ស្គាល់ឈ្មោះកូន។ ពួកគេទាំងបីជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ។
កម្លាំងនគរបាល សហការ ជាមួយកម្លាំងយោធា ព្រមទាំងសាច់ញាតិនៃសព បានយកសពឪពុក និងកូន មកដាក់នៅថ្នល់ ហើយប្រគល់ឱ្យសាច់ញាតិនៃសព។ ដោយឡែក កម្លាំងសមត្ថកិច្ច កំពុងតែបន្តរុករក សពស្ត្រី (ដែលត្រូវជាប្រពន្ធ.ម្តាយ) នៅថ្ងៃនេះ បន្តទៀត ខណៈពេលមេឃ នៅតែបន្តធ្លាក់ភ្លៀង ៕ លោកផាន់ប៊ុនថុន