ភ្នំពេញ ៖ ភាពមិនប្រក្រតី ត្រូវបានលាតត្រដាង ក្រោយសមត្ថកិច្ចសម្រេចគាស់សពបុរសម្នាក់ដើម្បីយកមកធ្វើកោសល្យវិច្ច័យ ទើបដឹងការពិតថាស្លាប់ដោយសារការចាក់សម្លាប់ ពោលគឺមិនមែនស្លាប់ដោយសារជំងឺសួតដូចក្រុមគ្រួសារផ្តល់ចម្លើយទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២៖៣០នាទី ទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលស្ថិត នៅផ្ទះលេខ១៣៩៥ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡោះ សុគ្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលាងម៉ូតូ ចំណែកស្រ្តីជាប្អូនស្រីបង្កើតដែលជាជនដៃដល់មានជំងឺសសៃប្រសាទមានឈ្មោះ ឡោះ ហាលីម៉ាស់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានយកថ្នាំសរសៃប្រាសាទឲ្យប្អូនស្រីបង្កើតលេប ប៉ុន្តែប្អូនស្រីមិនព្រមលេប ហើយមានការទាស់ពាក្យសម្តីគ្នា ខណៈនោះ ប្អូនស្រីដែលជាជនសង្ស័យខឹង រួចក៏បានយកកូនកាំបិតចុងស្រួចនៅក្នុងផ្ទះ មកចាក់ទៅលើបងប្រុសដែលជាជនរងគ្រោះចំនួន ៧កាំបិតចំខ្នងខាងក្រោយបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះបន្ទាន់។
លុះដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២៖៣០នាទីយប់រំលងអធ្រាត្រ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដង។
ក្រោយមក ក្រុមគ្រួសារជនរងគ្រោះ ក៏បានដឹកសពជនរងគ្រោះត្រឡប់ពីមន្ទីរពេទ្យមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនាឥស្លាម ដោយមិនបានរាយការណ៍មកសមត្ថកិច្ចនោះទេ។
ក្រោយសាកសួរក្រុមគ្រួសារពីករណីនេះ សមត្ថកិច្ចរកឃើញភាពមិនប្រក្រតីជាច្រើន លុះល្ចាចម៉ោង ៤៖០០រសៀល កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកចៅសង្កាត់ច្រាំងចំរេះ២ និងលោកមេភូមិឃ ក៏បានសម្រេចគាស់ផ្នូយកសាកសពបុរសខាងលើ មកធ្វើកោសល្យវិច័យឡើងវិញ។ បន្ទាប់ ពីសមត្ថកិច្ចពីធ្វើកោសល្យវិច្ច័យរួចមក បានបញ្ជាក់ថាសាកសពបុរសខាងលើនេះ ត្រូវបានចាក់ដោយកូនកាំបិតចុងស្រួច ដែលមានប្រវែង ២២សង់ទីម៉ែត្រ នៅខាងក្រោយខ្នងចំនួន ៧កាំបិត។ បច្ចុប្បន្ន ស្ត្រីដែលជាជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមច្បាប់៕