លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម!

ខេត្ដបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែ កក្តដា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង កីឡា និងលោកជំទាវ កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ និង ថវិកា ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់ ភូមិប្ញស្សីក្រោក ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី ។

អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន៖ ១- អង្ករ ចំនួន ៥០ ការ៉ុង ស្មើនិង ២,៥០០គីឡូ ២-មី ចំនួន ២០០ កេសធំ (២,៤០០កេសតូច) ៣-ទឹកសុទ្ឋវីតាល់ ចំនួន ២០០ កេស ៤-ទឹកដោះគោ ចំនួន ៥០ កេស ៥-ទឹកសណ្តែក ចំនួន ៥០ កេស ៦-ថវិកា ចំនួន ១០០០ ដុល្លារ(មួយពាន់ដុល្លារ)។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រាទាំងអស់ ។

លោកក៏បានអំពាវនាវ ដល់ក្មួយៗ ពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ១៩ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *