(ភ្នំពេញ)៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ បានប្រកាសសាលដីកា សម្រេចដោះលែង អតីតមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ករណីធ្វើទារុណកម្មនិង អំពើហិង្សាឃោរឃៅ មានស្ថាន ទម្ងន់ ទោ ស ទាក់ទង នឹង ជន រង គ្រោះ ។ សាលដីកា របស់ តុលាការ កំពូល គឺ សម្រេច ដោះលែងជនត្រូវចោទ ជាបណ្តោះអាសន្ន តាមបណ្តឹងសារទុក្ខដោយ រង់ចាំសវនាការ ជំនុំជម្រះលើអង្គសេចក្តី។
សាលដីកានេះប្រកាស ដោយឯកឧត្តមនិលណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងឯកឧត្តមឈួនចាន់ ថាអគ្គ ព្រះរាជអាជ្ញារង នៃមហាអយ្យការ អមតុលាការកំពូល ដោយកំបាំងមុខជនសង្ស័យឈ្មោះ ទេព ហ៊ុយ ភេទប្រុសអាយុ៤២ឆ្នាំ អតីតមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ។
សាលដីកាដោះលែង ជនសង្ស័យ ទេព ហ៊ុយ ឲ្យនៅក្រៅឃុំ បណ្តោះអាសន្ន បើមិនមានជាប់ បទល្មើសអ្វីផ្សេងៗ ទេតុលាការ បានដាក់កាតព្វកិច្ច មួយចំនួនដូចជា ៖ ១-មិនឲ្យចេញ ក្រៅប្រទេស ២- ប្រគល់លិខិត ឆ្លងដែន ឲ្យសាលាដំបូង ខេត្តក្រចេះ ៣- ត្រូវបង្ហាញមុខនៅ ប៉ុស្តិ៍រដ្ឋបាល សង្កាត់ក្រចេះ ក្រុងក្រចេះ មួយខែម្តង គិតចាប់ពីខែសីហាតទៅ។
ជនសង្ស័យឈ្មោះ ទេព ហ៊ុយ អតីតមេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងក្រចេះ ជាប់ចោទពីបទ ទារុណកម្ម និង អំពើហិង្សា ឃោរឃៅមានស្ថាន ទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះបទ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោសទាក់ទងនឹង ជនរងគ្រោះនិងបទគំរាម កំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅហាង លាង ហ៊ុយ លក់រថយន្តម៉ូតូ និងលក់ទូរស័ព្ទដៃទំនើប ចំណុចផ្លូវកណ្តាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ កាលពីថ្ងៃទី២៧-២៨ខែតុលា ឆ្នាំ២០២១ដែល បទល្មើសមានចែង តាមមាត្រា២១១ មាត្រា២១៩ និងមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យត្រូវបាន សមត្ថកិច្ច កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ចាប់ខ្លួនបញ្ជូនទៅកាន់ សាលាដំបូង ខេត្តក្រចេះ កាលពីថ្ងៃទី០១ វិច្ឆិកាឆ្នាំ២០២១ ពេលនោះ ចៅក្រមស៊ើបសួរ បានសម្រេច ចេញដីកាឃុំខ្លួន ជនសង្ស័យ ដាក់ពន្ធនាគារ បណ្ដោះអាសន្នតាមការ ចោទប្រកាន់ជាផ្លូវ ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តករណី ហិង្សាលើក្មេងស្រី២នាក់ ដែលជាអ្នកបម្រើ ក្នុងផ្ទះរបស់ខ្លួន ធ្វើឱ្យឆ្កែរបស់គាត់ងាប់។
សំណុំរឿងនេះមិនទាន់ ត្រូវបានតុលាការថ្នាក់ ក្រោមលើកយក មកកាត់សេចក្តី នៅឡើយទេ តែជនសង្ស័យមិន អាចដេកក្នុងការឃុំ រង់ចាំថ្ងៃកាត់ក្តីនោះ បានក៏ដាក់ពាក្យ ប្តឹងឧទ្ធរណ៍និងប្តឹង សារទុក្ខដល់កំពូល រហូតមានសាលដីកា សម្រេចដោះលែង បណ្តោះអាសន្ននៅពេលនេះ៕