បាត់ដំបង÷មានប្រសាសន៍នៅក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្ដាហ៍ ថ្ងៃ១២.រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក.ព.ស ២៥៦៦.ត្រូវហ្នឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានចេញបញ្ជាម៉ឺងម៉ាត់ និងតឹងរឹងបំផុតដល់មេបញ្ជាការទិសទាំងបី: ទិសស្រុកកំរៀង ទិសស្រុកភ្នំព្រឹក និងទិសស្រុកសំពៅលូន ត្រូវតែទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំបញ្ជាកម្លាំងយាម និងល្បាតព្រំដែនតាមចំណុចគោលដៅជាប្រចាំទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ផង ជម្ងឺកូវីត១៩ផង និងជាពិសេសបំផុតទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំ ដែលជាបញ្ហាដ៏ចម្បងពាក់ព័ន្ធទៅនឹងផ្លូវច្បាប់មិនអាចលើកលែងបានឡើយ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថា យើងត្រូវតែធ្វើការដោយប្រយ័ត្នប្រយ៉ែង និងអនុវត្តឲ្យបានហ្មត់ចត់ដើម្បីសម្រេចបានជោគជ័យ តាមបទបញ្ជាថ្នាក់លើតាមឋានានុក្រម។ លោកមេបញ្ជាការក៏បានបញ្ជាជម្រុញដល់យោធិនណា ដែលមានរថយន្តចង្កូតស្តាំ ត្រូវតែប្រញាប់ប្រញាល់ទៅចុះបញ្ជី ដើម្បីបង់ពន្ធឲ្យទាន់ពេលវេលាកំណត់ ជៀសវាងត្រូវចោទពីបទនាំចូលរថយន្តចង្កូតស្តាំខុសច្បាប់៕