(ខេត្តប៉ៃលិន)៖ ក្រោយពីមេឃខ្មៅងងឹតអួរអាប់ នៅពេលរសៀល ស្រាប់តែបង្កទៅជាភ្លៀង ១មេយ៉ាងធំ ហូរចុះពីលើកន្លែងខ្ពស់ ចូលទៅក្នុងអូរ មិនទាន់ ក៏បង្កជាជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចលង់ ផ្ទះប្រជាពលរដ្ឋអស់ ចំនួន ៣០ខ្នង និងហូរកាត់លើ ផ្លូវជាតិលេខ៥៧។ ករណីជំនន់ទឹកភ្លៀងនេះ មិនទាន់ដឹងពីការ ខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ប៉ុន្មាននៅឡើយទេ ខណ:ផ្ទះប្រជាពលរដ្ឋខ្លះ បានហូរអណ្តែតពាង សម្ភារ:ផ្ទះបាយ ដូចជា ចាន ឆ្នាំង ខោអាវ និងហូរនាំក្តាររោ ងផ្ទះបាយអស់ មួយចំនួនផងដែរ។
ហេតុការណ៍ភ្លៀង ១មេធំ បង្កជាជំនន់ទឹកភ្លៀង លិចផ្ទះប្រជាពលរដ្ឋ និងផ្លូវជាតិលេខ ៥៧នេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៤០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បណ្ដាលឲ្យលិចផ្ទះ ប្រជាពលរដ្ឋ និងលិចលើ ផ្លូវជាតិលេខ៥៧ ចំនួន ០៣កន្លែង។
ប្រភពព័ត៌មានបានឱ្យដឹងថា ការលិចផ្ទះ និងលិចផ្លូវនៅចំណុចទី១. នៅជិតស្តង់ពោតនិងដំឡូងមី របស់ក្រុមហ៊ុន ស៊ី.ភី ចំណុចទី២. ស្ថិតនៅមុខក្លោងទ្វារវត្តអូររអិល (លិចផ្លូវចម្ងាយប្រហែល ៥០ម៉ែត្រ កម្ពស់ទឹកប្រហែល៦០សង់ទីម៉ែត្រ និងចំណុចទី៣. នៅជិតកន្លែងក្រឡុកស៊ីម៉ង់តិ៍ ស្ថិតនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានដដែល បានឱ្យដឹងបន្តថា ករណីនេះ បណ្តាលឱ្យប៉ើងសង្ក័សី តូបរបស់ប្រជាពលរដ្ឋចំនួន ០១កន្លែង។ រីឯផ្ទះប្រជាពល រដ្ឋមួយចំនួនទៀត ដែលត្រូវបានលិច ដោយជំនន់ទឹកភ្លៀងនេះ ពុំមានទទួលរងការខូច ខាតអ្វីធ្ងន់ធ្ងរនោះទេ។
ប្រភពដដែល បញ្ជាក់ថា បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំង វេនប្រចាំបញ្ជានៃ ស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋ បាលស្ទឹងកាច់ កំពុងតែជួយសម្រួល ចរាចរណ៍ជូនប្រជាពលរដ្ឋ នៅលើចំណុចផ្លូវដែលបានលិចនោះ លុះក្រោយពេលរាំងភ្លៀងទៅវិញ ស្ថានភាពទឹក ក៏បានស្រកអស់ និងអាចឱ្យម៉ូតូរថយន្ត ធ្វើចរាចរណ៍ទៅ មកបានជាធម្មតាឡើងវិញ។
ទោះបីជាយ៉ាងណា រហូតមកដល់យប់ ថ្ងៃដដែលនេះ មេឃនៅតែខ្មៅងងឹត មានភាពអួរអាប់ ហើយប្រជាពលរដ្ឋ ព្រួយបារម្ភ ក្រែងបន្តភ្លៀងធ្លាក់ បន្ថែមទៀត អាចនឹងលិចលង់ បង្កផលប៉ះពាល់ដល់ការ រស់នៅរបស់ពួកគាត់។ ដូច្នេះ ពួកគាត់ កំពុងតែត្រៀមខ្លួន ជាស្រេច ទោះបីជាមានភ្លៀង ខ្លាំងបន្តទៀត នឹងអាចនាំគ្នាជម្លៀស រកទីទួលសុវុត្ថិភាព ទាំងយប់ផងដែរ។
ចំណែកថ្នាក់ដឹកនាំខេត្ត លោក ហុក សុផល អភិបាលរងខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងតែដុតដៃដុតជើងចុះទៅពិនិត្យ និងជួយសម្រួលដល់ ប្រព័ន្ធផ្លូវទឹក ឱ្យហូរចូលអូរកាន់តែលឿន ដើម្បីជៀសវាងបន្ត លិចលង់ផ្ទះរបស់ប្រជាពលរ ដ្ឋត្រង់ចំណុចខាងលើ៕