លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញជាអធិបតីក្នុងពិធីស្វ័យទស្សនកិច្ចសិក្សាស្តីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅកងអនុសេនាធំស៊ើបការណ៍ ..!!!

បាត់ដំបង÷នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការរង ទិសទី២ យោធភូមិភាគទី៥ និងជា មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សាស្តីពីការកសាងកងឯកភាពរឹងមាំលើគ្រប់វិស័យ នៅកងអនុសេនាធំស៊ើបការណ៍ កងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិសាស្ត្រ ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានសមាសភាពចូលរួមពីមេបញ្ជាការរងកងពល នាយសេនាធិការរងកងពល ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ ឯកទេស គិលានដ្ឋាន កងអនុសេនាតូចការពារ និងវរសេនាតូចទាំង៤។ ជាកិច្ចដំបូង នៃកម្មវិធីលោកវរសេនីយ៍ត្រី ខាត់ សុជាតិ មេបញ្ជាការ កងអនុសេនាធំស៊ើបការណ៍.បានគោរពរាយការណ៍ និងនាំអធិបតី និងប្រតិភូអមដំណើរអញ្ជើញត្រួតពិនិត្យប្លង់បណ្តាគោលដៅនិមួយៗតាមលំដាប់លំដោយដូចជា: ការងារដឹកនាំបញ្ជា និងរបៀបរបបធ្វើការងារ ការងារត្រៀមប្រយុទ្ធ ការងាហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ និងការងារចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពកងទ័ព ដើម្បីឲ្យអង្គភាពដែលចូលរួមទស្សនាសិក្សាវាយតម្លៃដាក់ពិន្ទុចំណុចខ្លាំង និងខ្សោយការដឹកនាំកសាងអង្គភាពរបស់សាម៉ីអង្គភាព។ មានប្រសាសន៍បូកសរុបលទ្ធផលកម្មវិធីទស្សនកិច្ចសិក្សា ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានវាយតម្លៃខ្ពស់ចំពោះលោកវរសេនីយ៍ត្រី ខាត់ សុជាតិ.មេបញ្ជាការកងអនុសេនាធំស៊ើបការណ៍ ដែលបានដឹកនាំកសាងអង្គភាពបានរីកចម្រើនគួរជាទីមោទនៈ ស្របទៅតាមខ្លឹមសារទាំង៤។

ជាពិសេសវិន័យសណ្តាប់ធ្នាប់បានល្អ និងការងារធានាចិញ្ចឹមទ័ព ដែលមានសួនដាំបន្លែគ្រប់មុខសម្រាប់ទ្រទ្រង់ផ្ទះបាយ។ លោកមេបញ្ជាការកងពល បានទៀតបន្តថា ការធ្វើស្វ័យទស្សនកិច្ចសិក្សានេះ គឺដើម្បីឲ្យអង្គភាពមួយទៅអង្គភាពមួយដកពិសោធន៍គ្នាទៅវិញទៅមក ប្រសិនបើអង្គភាពណាធ្វើបានល្អគួរយកគម្រូតាម តែប្រសិនបើមានចំណុចខ្វះខាត ត្រូវរិះគន់កែលម្អបំពេញបន្ថែម តែមិនត្រូវរិះគន់ដើម្បីក្តិចត្រួយកាច់បំបាក់ឡើយ។ ចំពោះលទ្ធផលការដាក់ពិន្ទុពីបណ្តាអង្គភាពចូលរួម កងអនុសេនាធំទទួលបានពិន្ទុសរុប៣៤៤.៧៥ពិន្ទុ ស្មើនឹង៨៦.១៩ភាគរយ លទ្ធផលល្អប្រសើរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *