សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ តាមរយៈការបណ្ដុះបណ្ដាល ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានផ្ដោតសំខាន់ទៅលើ ការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឲ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិ និងអន្ដរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាលជាតិ។
ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងសួរសុខទុក្ខសិស្សនគរបាល វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ក្នុងខេត្តសៀមរាប សម្តេចក្រឡាហោម បានបង្ហាញអំពីកំណែទម្រង់កងកម្លាំងនគរបាល នៅចំណុចសំខាន់ៗ ៤ចំណុចមាន៖ ១៖ ធ្វើឲ្យបាននូវការប្រាកដប្រជា ក្នុងការជ្រើសរើសមន្រ្តីនគរបាលចូលក្របខ័ណ្ឌរដ្ឋ ដើម្បីនធានាគុណភាព បន្ថែមលើនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពុំទាន់ពេញចិត្តមួយរយភាគរយនោះទេ ដោយការប្រឡងតែលេចចេញនៅមុខសកម្ម និងអសកម្ម តែបើប្រៀបធៀបកាលពីមុន គឺបានបោះជំហានទៅមុខ តែនៅកែទម្រង់និងបន្តដោះស្រាយបន្ថែមទៀត។ ២៖ ក្រោយពីប្រឡងជាប់ក្រខណ្ឌហើយមិនទាន់អាចអោយទៅធ្វើការកើតទេ ត្រូវទទួលការបណ្ដុះបណ្ដាលជាមុនសិន ព្រោះនគរបាលគឺជាមន្រ្តីជំនាញមួយ ទាក់ទងនិងសុខទុក្ខ អាយុជីវិតប្រជាពលរដ្ឋ និងការកសាងប្រព័ន្ធយុត្តិធម៏នៅក្នុងសង្គម ការពារទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋ។ ៣៖ ក្រោយបញ្ចប់ការពង្រឹងនិងបណ្ដុះបណ្ដាលសមត្ថភាពវិជ្ជាជីវៈ នឹងត្រូវបានប្រគល់ភារកិច្ច បំពាក់ឯកសណ្ឋានផ្លូវការ បញ្ជូលក្របខណ្ឌពេញសិទ្ធ ហើយត្រូវស្ថិតក្រោមការវាយតម្លៃពីអង្គភាពរបស់ខ្លួនក្នុងការបំពេញការងារ ឬការតែងតាំងណាមួយ។ ៤៖ ការលើកសសើរ និងការដាក់ពិន័យ ដោយការលើកសសើរតាមរយះការឡើងតួនាទី ឋានន្តរសក្ដិជាដើម ការដាក់ពិន័យចំពោះមន្រ្តីខិលខូច មន្រ្តីណាដែរមិនល្អ ដែរធ្វើអោយប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ គឺត្រូវប្រឈមមុខនិងការព្រមានលើកទី១ ទី២ បើមិនកែប្រែទេ គឺត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ។ ទន្ទឹមនឹងនោះ សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្តសៀមរាប ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៤ នាពេលនេះ ព្រមទាំងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានបណ្តុះបណ្ដាល និងសាលានគរបាលជាតិភូមិភាគ៤ ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងគាំទ្រនូវកម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភា ដើម្បីកសាងវប្បធម៌គុណភាព។ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តនិងណែនាំដល់ក្មួយៗ ជាសិស្សនគរបាលទាំងអស់ ឱ្យខិតខំសិក្សា ហ្វឹកហាត់ និងគោរពវិន័យ សាលាឲ្យបានល្អ ដើម្បីជោគជ័យក្នុងការសិក្សា នឹងក្លាយជាមន្ត្រីនគរបាលល្អក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។ ជាមួយនេះដែរ សម្តេចក្រឡាហោម ក៏បានឧបត្ថម្ភបន្ថែមនៅអគារសិក្សាចំណុះ ១០០នាក់ ១ខ្នង ទីលានហាត់បាញ់គ្រាប់ពិត១កន្លែង រថយន្តភីកអាប់ ១គ្រឿង អគាស្នាក់នៅគ្រូនិងមន្រ្តី១ខ្នង និងឧបត្ថមថវិការមួយចំនួនដល់លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនគរបាល។ ដោយឡែក ស្នងការនគរបាលខេត្តសៀមរាប បានឧបត្ថម្ភបន្ថែម ១០០លានរៀល ដល់សាលានគរបាលភូមិភាគ៤ផងដែរ៕