(ខេត្តកំពត)៖ នៅរសៀលថ្ងៃអង្គារ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូល រួមក្នុងពិធីប្រកាស ចូលកាន់មុខតំណែង នាយកសាលាមធ្យម សិក្សាសុខាភិបាល ភូមិភាគកំពត ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្នុងពិធីនេះដែរមាន ការអញ្ជើញចូលរួមពី លោកស្នងការនគរបាលខេត្ត លោកបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក នាយកទីចាត់ការ អង្គភាពចំណុះសាលា ខេត្តសរុបប្រមាណ ២៥០នាក់។
ក្នុងពិធីប្រកាសចូល កាន់មុខតំណែងនេះ ត្រូវបានតែងតាំងលោក មិន ជាតិ ដែលជានាយករង ជា នាយកសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគកំពត ជំនួសលោក ឈុន សំណាង ដែលត្រូវផ្លាស់ប្តូរតួនាទីថ្មី។
ក្នងឱកាសនោះលោក ជាវ តាយ អភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណ:គ្រប់ គ្រងសាលា លោក លោកស្រី សាស្ត្រាចារ្យ និងមន្រ្តីគ្រប់ជាន់ ថ្នាក់ក្នុងសាលា មធ្យមសិក្សាសុខាភិ បាលភូមិភាគកំពត ដែលកន្លងមកបាន សហការគ្នាបំពេញតួ នាទីភារកិច្ច របស់ខ្លួនយ៉ាង ល្អប្រសើរ រួមចំណែកជាមួយរដ្ឋ បាលខេត្ត ក្នុងការផ្តល់នូវពុទ្ធិ ចំណេះដឹង ក៏ដូចជាបទពិសោធន៍ ល្អៗជូនដល់ក្មួយៗ ដើម្បីយកទៅបម្រើ វិជ្ជាជីវ:ខាងផ្នែកសុខា ភិបាលជូន ប្រជាពលរដ្ឋនា ពេលខាងមុខ។
ជាមួយនេះលោក អភិបាលខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើរដល់លោក មិន ជាតិ នាយកសាលាមធ្យម សិក្សាសុខាភិបាល ភូមិភាគកំពតដែល ត្រូវបានតែងតាំងនា ពេលនេះថា៖
១/- ត្រូវបន្តយកចិត្ត ទុកដាក់អនុវត្តឲ្យ មានប្រសិទ្ធភាព និងស្មារតីទទួលខុស ត្រូវខ្ពស់ ស្របតាមតួនាទី ភារកិច្ចរៀងៗខ្លួន ព្រមទាំងពង្រឹងការ អនុវត្តច្បាប់ លិខិតបទដ្ឋានគតិ យុត្តិនានា និងគោល ការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត។
២/- ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាមួយគណ:គ្រប់គ្រងសាលា សាស្រ្តាចារ្យ សំដៅលើកស្ទួយ កិត្យានុភាពថ្នាល បណ្តុះបណ្តាលមួយ នេះឲ្យបានល្អប្រសើរ លុបបំបាត់រាល់ភាព អសកម្មទាំងឡាយ និងបង្កើនស្មារតីគោរព ក្រមសីលធម៌វិជ្ជាជីវ:។
៣/- បន្តអនុវត្តផែន ការសកម្មភាព និងទិសដៅការងារ ដែលបានកំណត់ សម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ។
៤/- យកចិត្តទុកដាក់ជំរុញ លើកទឹកចិត្ត អប់រំណែនាំ ជួយបង្កលក្ខណ: និងផ្តល់ឱកាសការងារ ដល់មន្ត្រីវ័យក្មេង ដែលជាធនធាន មនុស្សសម្រាប់បន្តវេន នៅថ្ងៃខាងមុខ។
៥/- បន្តពង្រឹងទំនាក់ទំនង ការងារជាមួយបណ្តារមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់លើគ្រប់ ទិដ្ឋភាពការងារ។
នាឱកាសនេះដែរ លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា ការគ្រប់គ្រងក្នុងសាលា ពិសេសនាយក សាលាតែម្តងពិតជា មានការពិបាកខ្លាំងណាស់ ព្រោះការសិក្សានូវវិជ្ជា ជីវៈជាគ្រូពេទ្យត្រូវការ ឆ្លងកាត់បទពិសោធន៍ ព្រមទាំងភាពអំណត់ ព្យាយាមទើបអាចក្លាយ ជាគ្រូពេទ្យដែល មានជំនាញ មានវិជ្ជាជីវៈច្បាស់លាស់។
ជាងនេះទៅទៀត គ្រូពេទ្យក្រៅពីមាន ជំនាញនិងបទពិសោធន៍ ក៏ត្រូវប្រកាន់នូវក្រុម សីលធម៌ឲ្យបានខ្ជាប់ខ្ជួន ធ្វើបែបនេះទើបអ្នក ជំងឺមានភាពកក់ក្តៅ និងមានភាពជឿជាក់៕