(ខេត្តបន្ទាយមានជ័យ)៖ បើតាមការអះអាងរបស់លោក ស្វាយជា អភិបាលស្រុកម៉ាឡៃ បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២នេះថា ជំនន់ទឹកភ្លៀងដែលបង្កឲ្យ លិច ច្រកព្រំដែន ក្នុងតំបន់ ម៉ាឡៃ – ណងព្រឺ មួយឈុលនោះមកដល់ ថ្ងៃនេះបានស្រកមក ដល់ក្រោមធ្នឹមស្ពាន វិញអស់ហើយក្រោយពី អាជ្ញាធរមាន សមត្ថកិច្ចបានផ្អាក ការធ្វើចរាចរណ៍ យានឆ្លងដែន មួយរយៈពេលដ៏ ខ្លី ហើយការដឹកជញ្ជូន ទំនិញ ឆ្លងកាត់ព្រំដែន បានដំណើរការ ឡើងវិញជាធម្មតា ។
លោកស្វាយជាបាន និយាយប្រាប់ឲ្យដឹង បន្តទៀតថា នៅល្ងាចថ្ងៃទី ១៥ខែសីហា នេះមានភ្លៀង ធ្លាក់យ៉ាងខ្លាំងនៅ ព្រំដែនស្រុកម៉ាឡៃនិង ម្ខាងទៀតព្រំដែនថៃ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ហើយហូរធ្លាក់ចុះទៅក្នុង អូរព្រំដែន ពីខាងជើង ទៅខាងត្បូង កម្រិតកម្ពស់ទឹក បានហក់ឡើងលិចពីលើ ផ្លូវ និងស្ពាននៃ ច្រកព្រំដែនតំបន់ម៉ាឡៃ – ណងព្រឺផងដែរ អស់រយៈពេល ប្រមាណ១ម៉ោង នៅព្រឹក ថ្ងៃទី១៦ ខែសីហា ធ្វើឲ្យស្ថានភាពទឹកហូរ តាមបណ្តោយអូរ ទំហំទទឹងអូរ១២ម៉ែត្រ មានកំពស់៤,៨ម៉ែត្ររីឯ លំនៅឋាន និងដំណាំ ប្រជាពលរដ្ឋ នៅបណ្តោយ អូរព្រំដែនម្តុំនោះ បានលិចលង់ ខ្លះៗផងដែរ។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ច្រកនេះបានផ្អាកចរាចរណ៍ រថយន្តធុនធ្ងន់ឆ្លងកាត់ មួយរយៈពេលខ្លី លុះថ្ងៃត្រង់ដល់ល្ងាច បានបើកដំណើរការ ជាធម្មតាវិញឡើងវិញអស់ ហើយផងដែរ ។
លោកស្វាយជា បានបញ្ជាក់ឲ្យដឹង បន្តទៀតថា បន្ទាប់ពីលោកបានឲ្យ កម្លាំងចម្រុះចុះ ពិនិត្យស្ថានភាព ទឹកអូរ ព្រំដែន ពីខាងជើងទៅខាងត្បូង កម្រិតកម្ពស់ទឹក បានហក់ឡើងលិច ពីលើផ្លូវនិងស្ពាននៃ ច្រកព្រំដែនតំបន់ម៉ាឡៃ – ណងព្រឺនោះជំនន់ទឹកភ្លៀង មានការឡើង និងមានការស្រក យ៉ាងលឿនផងដែរពុំមាន ការប្រកាសភាព អាសន្ននោះឡើយ។
ក្នុងនោះលោកបាន ឲ្យកំលាំងចំរុះ និងអាជ្ញាធរដែនដី ត្រៀមលក្ខណៈ ជាស្រេចដើម្បី ជួយអន្តរាគមន៍បង្ការ និងជម្លៀស ពលរដ្ឋមកកាន់ ទីទួលសុវត្ថិភាពដែល បានរៀបចំរួចជាស្រេច ក្នុងករណីចាំបាច់ ជាពិសេសប្រជា ពលរដ្ឋដែលរស់នៅតាមព្រំដែន។
ក្នុងនោះលោកបានធ្វើការ អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែលមាន លំនៅដ្ឋានតាមព្រំដែន សូមមានការយក ចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ខ្ពស់លើសុវត្ថិភាព ជាពិសេសចំពោះកុមារតូចៗ និងសត្វអសិរពិស ដែលអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ៕