(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត បានអញ្ជើញចូលរួម ពិធីសំណេះសំណាល និងនាំយកនូវរង្វាន់លើក ទឹកចិត្តជូនដល់សិស្ស ជ័យលាភីប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំ សិក្សា២០១៨-២០១៩ នៅខេត្តកំពត ក្រោមអធិបតីភាព លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌល ខេត្តកំពត ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធាន ក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តកំពត។
ពិធីនេះបានប្រព្រឹត្ត ទៅនៅបរិវេណសាល សន្និសីទខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមផងដែរ ពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និង លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យបាលសិស្ស ព្រមទាំងសិស្ស ជ័យលាភីចាប់ពី និទ្ទេស A ដល់និទ្ទេស E សរុបប្រមាណ ៥,០០០នាក់។
ជាកិច្ចស្វាគមន៍ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងអំពីស្ថានភាពវឌ្ឍនភាព នៃវិស័យអប់រំ ក្នុងខេត្តកំពត ជាក់ស្ដែងជាលទ្ធផលនៃ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នាសម័យ ប្រឡងថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៩នេះ ខេត្តកំពតមាន បេក្ខជនបានមក ប្រឡងសរុបចំនួន ៥,១៤៥នាក់ ស្រី ២,៦៣៥នាក់ ជាលទ្ធផលមានបេក្ខជនបាន ប្រឡងជាប់សរុប ៤,១១៦នាក់ ក្នុងនោះស្រី២,២១៧នាក់ ស្មើនឹង៨០%។
រីឯចំណាត់ថ្នាក់ និទ្ទេស(A) មានចំនួន២៣នាក់ ស្រី១០នាក់ និទ្ទេស(B) មានចំនួន១១៨នាក់ ស្រី ៦៥នាក់ និទ្ទេស(C)៣៣៤នាក់ ស្រី ១៩៣នាក់ និទ្ទេស(D)៨០២នាក់ ស្រី ៤៩១នាក់ និងនិទ្ទេស(E)មាន ចំនួន២,៨២៩នាក់ ស្រី ១,៤៥៨នាក់។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានជូនថវិកាដល់ គណ:គ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ មកពីសាលាវិទ្យាល័យ រដ្ឋនិងឯកជនក្នុងខេត្ត សរុបចំនួន ៥៣៣ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល។
ដោយឡែកសម្រាប់ សិស្សជ័យលាភី និទ្ទេស(A) ២៣នាក់ម្នាក់ៗ ទទួលបាន ពានរង្វាន់ជ័យលាភី ម៉ូតូហុងដាDream មួយគ្រឿង អមជាមួយប្រាក់ ៤០ម៉ឺនរៀល និទ្ទេស(B) ១១៨នាក់ម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺនរៀល និទ្ទេស(C) ៣៣៤នាក់ម្នាក់ៗ ទទួលបានថវិកា ១៥ម៉ឺនរៀល និទ្ទេស(D) ៨០២នាក់ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀលនិង និទ្ទេស(E) ២,៨២៩នាក់ម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល៕