ខេត្តកែប ប្រារព្វពិធីអបអរសាទរ ទិវាមច្ឆជាតិ០១កក្កដា ២០២២ និងដុតបំផ្លាញ ឧបករណ៍នេសាទ ខុសច្បាប់

(ខេត្តកែប )៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត សហការជាមួយ រដ្ឋបាលខេត្តកែប បានប្រារព្វពិធីអបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា ២០២២ និងពិធីដុតបំផ្លាញ ឧបករណ៍ នេសាទខុសច្បាប់ ដែលប្រព្រឹត្តិធ្វើឡើង នៅទំនប់អាង ទឹកចំការបី(ភ្នំវល្លិ) ភូមិចំការបី ឃុំពងទឹក  ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោក អ៊ុក  សាខន សមាជិកក្រុមប្រឹក្សា ខេត្តតំណាង ដ៏ខ្ពង់ខ្ពស់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងបានការ អញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកំលាំងទាំងបី សិស្សានុសិស្ស  និងប្រជាពលរដ្ឋ ជាច្រើនរូប។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត មានរបាយការណ៍បញ្ជាក់ថា៖ ថ្ងៃនេះដោយបានការ ចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត បានប្រារព្វពិធីអបអរសាទរ ទិវាមច្ឆជាតិ០១កក្កដា ២០២២នេះឡើងក្នុងគោល បំណងផ្សព្វផ្សាយបំផុស ចលនាប្រជាពលរដ្ឋ អោយចូលរួមក្នុង ការគ្រប់គ្រង ការពារថែរក្សាអភិរក្ស ពូជត្រីអោយបានស្ថិត ស្ថេរគង់វង្ស ពូជត្រីមេ  ចំនួន២០គីឡូក្រាម កូនត្រីចម្រុះជាច្រើនម៉ឺនកូន ដែលនឹងលែងចូលទៅក្នុង ទំនប់អាងទឹកចំការបី(ភ្នំវល្លិ) ភូមិចំការបីឃុំពងទឹក ស្រុកដំណាក់ចង្អើរ នាថ្ងៃនេះ ដើម្បីឱ្យត្រីក្នុងទំនប់អាង នេះអាចបង្កបង្កើតពូជកាន់ តែច្រើនថែមទៀត សម្រាប់ទុកឱ្យប្រជាពលរដ្ឋ អាចអាស្រ័យផល លើកកម្ពស់ជីវភាពគ្រួសារ និងផ្តល់អាហារ រូបត្ថម្ភផងដែរ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ត្រីគឺជាអាហារប្រចាំថ្ងៃដ៏ មានសារៈសំខាន់ក្នុង ការផ្គត់ផ្គង់សារធាតុខនិច និងប្រូតេអ៊ីនប្រមាណជា ៨០% នៃប្រូតេអ៊ីនសរុប ដែលប្រជាជនកម្ពុជាមាន ទន្លាប់បរិភោគត្រីច្រើន ដោយក្នុង១ឆ្នាំៗជាមធ្យម ៦៣គ.ក្រ ក្នុងមួយនាក់ ហើយចំណូលថវិកា ទទួលបានពីវិស័យនេះ ត្រូវបានគេប៉ាន់ប្រមាណ ថាមានចំនួនក្នុងរង្វង់ ១,១៣៦ ទៅ ១,៧០៤លានដុល្លា/ឆ្នាំ  និងបានរួមចំណែក ៨% ទៅ ១២% នៃផលទុនជាតិសរុប (GDP) បើទោះជាយ៉ាងនេះក្តី ធនធានជលផលត្រូវ បានធ្វើអាជីវកម្មកាន់ តែធ្ងន់ធ្ងរទៅៗ  ពីមួយឆ្នាំទៅមួយឆ្នាំ បង្កជាក្តីកង្វល់អំពីនិរន្តរភាព លើផ្នែកសេដ្ឋកិច្ច សង្គម និងប្រព័ន្ធ អេកូឡូស៊ី ដែលយើងមិនអាច មើលរំលងបានឡើយ។

ជាដំណោះស្រាយ លោកបណ្ឌិតសំណូមពរ ឱ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមថែរក្សា ការពារ នៅធនធានធម្មជាតិ ប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ ដើម្បីប្រយោជន៍ មនុស្សជំនាន់ក្រោយ។ ទន្ទឹមនឹងនេះលោកបណ្ឌិត  ក៏បានក្រើនរំលឹក និងផ្តល់នូវអនុសាសន៍ មួយចំនួនក្នុងន័យស្ថាបនា ដើម្បីឱ្យមន្ទីរជំនាញ បន្តអនុវត្តឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព នៅចំណុចដូច ខាងក្រោម៖

១-ត្រូវរួមសហការទប់ ស្កាត់ឱ្យបាននូវរាល់ សកម្មភាពទន្រ្ទាន យកដីព្រៃ ព្រៃកោងកាងដែលជា សម្បត្តិរបស់រដ្ឋ។ ២-ត្រូវផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងធនធានដល់ គ្រប់សហគមន៍នេសាទ ពង្រឹងសមត្ថភាព សហគមន៍ អោយស្គាល់ពីតួនាទី ភារកិច្ច ក្នុងដំណើរការនៃការ ធ្វើសេចក្តីសម្រេចចិត្ត ដើម្បីបន្តការគ្រប់គ្រង និងអភិរក្សធនធាន ជលផលក្នុងដែនសហគមន៍ ដែលរាជរដ្ឋាភិបាល បានចាត់ទុកថាជា មាសបៃតង។ ៣-ជំរុញនៅគោលនយោបាយទឹក ដើម្បីពង្រីកលទ្ធភាព ស្រោចស្រពផ្ទៃដីបង្កបង្កើន ផលអោយបានច្រើន។ ៤-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជំរុញការអភិវឌ្ឍវារី វប្បកម្មអោយបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងខា្នតធំ ។ ៥-ត្រូវលុបបំបាត់ សកម្មភាពបទ ល្មើសជលផល តាមគ្រប់រូបភាពដែល បំផ្លិចបំផ្លាញដល់ធន ធានធម្មជាតិ និងជីវចម្រុះ។ ៦-ត្រូវបន្តគ្រប់គ្រងកន្លែង អភិរក្សធនធានជលផល ទាំងនៅក្នុងដែន នេសាទសាធារណៈ ទាំងនៅក្នុងតំបន់គ្រប់ គ្រងជលផលតាម តំបន់កោះពោធិ៍ និងកោះទន្សាយ។ ៧-បន្តចុះក្តាប់បញ្ហា តម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីអន្តរាគមន៍ ជួយដោះស្រាយអោយ បានទាន់ពេលវេលា។ ៨-ត្រូវខិតខំពង្រឹងតួនាទី ភារកិច្ច នៃយន្តការគណៈ បញ្ជាការឯកភាពរដ្ឋ បាលគ្រប់ថ្នាក់ ជំរុញការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពជាបន្តទៀត ពិសេសលើបញ្ហា សន្តិសុខទូទៅ ល្បែងស៊ីសង និងគ្រឿងញៀន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *