(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបាន។ ចំណែក ៣នាក់ទៀត រត់គេចខ្លួនរួច ក្រោយពេលយុវជន ១ក្រុមនេះ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ បានសម្រេច រួចយកទៅលាក់ទុកនៅក្នុងវត្តក្បែរចេតិយ៍ ក្នុងវត្តព្រៃវែង។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងព្រៃស ត្រង់ចំណុចខាងមុខសាលាឯកជន ញូលីត ស្ថិតនៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួននោះ ឈ្មោះ ហ៊ត ពុធដាវីត ហៅ វីត អាយុ ១៨ឆ្នាំ មានទីលំនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកបក្ខពួក ដែលកំពុងរត់គេចខ្លួន រួមមាន ទី១,ឈ្មោះ ហាវ ហៅ បារាំង ភេទប្រុស អាយុ១៨ឆ្នាំ ទី២,ឈ្មោះ ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ ទី៣,ឈ្មោះ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជិះម៉ូតូម៉ាកម៉ាកហុងដាឌ្រីសេ១២៥ ចំនួន ៣គ្រឿង។ កម្លាំងដកហូតបានទូរស័ព្ទដៃម៉ាក Iphone 13Pro Max ពណ៌០១គ្រឿង ទូរស័ព្ទដៃម៉ាក Realme ០១គ្រឿង, កាបូបស្ពាយ០១,កាបូបដៃ០១ កាបូបលុយ០១។ លុយចំនួន ១០,០០០រៀល (មួយម៉ឺនរៀល) និង០១ដុល្លារ (មួយដុល្លារអាមេរិក) ,ខ្សែក(ដាច់) ០១ខ្សែ, ខ្សែដៃ០១ខ្សែ ,កាតគ្រីម៉ូតូ ០១សន្លឹក,។ សំបុត្រទិញលក់ម៉ូតូ ០១សន្លឹក, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ០១សន្លឹក។
នគរបាលខាងលើ បានប្រាប់បន្តទៀតថា ដោយឡែក ស្រ្តីរងគ្រោះឈ្មោះ ទួត ស្រីនាង អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ ស្រ្តីរូបនោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1V-4455 ចេញពីផ្សារចំការដូង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រឡប់ទៅផ្ទះជួលវិញ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែក្រុមជនសង្ស័យជិះម៉ូតូដេញតាមឆក់យកកាបូប បានសម្រេចរួចជិះម៉ូតូគេចខ្លួន ហើយភ្លាមៗនោះ ស្រ្តីរងគ្រោះបានស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវ។
នគរបាលបានបញ្ជាក់បន្ថែមទៀតថា ស្របពេលនោះ កម្លាំងនគរបាលខណ្ឌដង្កោ កំពុងជិះម៉ូតូល្បាតតាមផ្លូវនោះដែរ ក៏បានជួយអន្តរាគមន៍ ដេញតាមចាប់ រហូតដល់វត្តព្រៃវែង ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ពេលនោះ ក្រុមជនសង្ស័យ បានជិះម៉ូតូបំបែកគ្នាដោយជនសង្ស័យ ឈ្មោះហ៊ត ពុធដាវីត ហៅ វីត ចូលទៅក្នុងវត្តព្រៃវែង ហើយក៏ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន ខណៈជននេះ យកកាបូបស្ពាយរបស់ជនរងគ្រោះ បោះចោលនៅក្បែរចេតិយ៍ក្នុងវត្តខាងលើ។ បន្ទាប់មក បាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយជនសង្ស័យម្នាក់នេះ បានសារភាពថា ក្រុមរបស់ខ្លួន គឺជាមុខសញ្ញាចាស់ ដែលបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតាមផ្លូវ ក្នុងរាជធានីភ្នំពេញ ជាច្រើនលើករួចមកហើយ៕