​ឃុំ​ចំនួន​៤ របស់​ស្រុក​ស្អាង​ខេត្ត​កណ្តាល ត្រូវ​កាត់​ចូល​ក្នុង​រដ្ឋបាល​ក្រុង​តាខ្មៅ​

ខេត្ត​កណ្តាល ៖ ឃុំ​ចំនួន​៤ របស់​ស្រុក​ស្អាង ត្រូវបាន​កាត់​ចូល​ក្រុង​តាខ្មៅ ក្នុងនោះ​មាន​ឃុំ​ស្វាយ​រលំ ឃុំ​កោះអន្លង់ចិន ឃុំ​សិត្បូ ឃុំ​រការ​ខ្ពស់ និង​ដី​មួយ​ផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង ត្រូវបាន​ធ្វើ​ការប្រកាស​កែសម្រួល​ព្រំប្រទល់​រវាង​រដ្ឋបាល​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង នា​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​។​

​លោក​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល​មានប្រសាសន៍ថា ការកែសម្រួល​ព្រំប្រទល់​រវាង​រដ្ឋបាល នៅពេល​នេះ​ធ្វើឡើង​តាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​លេខ​០៩​អនក្របក ចុះ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៩ ស្តីពី​ការកែសម្រួល​ព្រំប្រទល់​រវាង​រដ្ឋបាល​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង នៃ​ខេត្ត​កណ្តាល ។​

​លោក​បន្តថា សង្កាត់​ទាំង​៤​ដែល​ធ្វើការ​កាត់​បញ្ចូល ក្នុង​ក្រុង​តា​ខ្មៅ​នៅ​ពេល​នេះ នឹង​មាន​ការ​អភិរឌ្ឍន៍ ដូច​សង្កាត់​ទាំង​៦​របស់​ក្រុង​តាខ្មៅ ដោយ​ឯកឧត្តម​បាន​ត្រៀម​ថវិកា​មួយចំនួន​ក្នុង​ការអភិវឌ្ឍន៍ ក្នុងនោះ​ឯកឧត្តម​បាន​ផ្តោត​ទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ការអភិវឌ្ឍន៍ ទឹក ភ្លើង ផ្លូវ និង​មនុស្ស​។​

​ហើយ​សង្កាត់​ថ្មី ៤​នេះ ត្រូវ​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​ខ្លួន​ក្នុង​របៀប​ធ្វើការ​ពី​ឃុំ​មក​សង្កាត់​។ ចំពោះ​ស្រុក​ស្អាង ត្រូវ​បំពេញ​កិច្ចការ​ដែល​នៅសល់​អោយ​ហើយ​អស់ ហើយ​ប្រសិនបើ​ឯកសារ​នោះ​មាន​រយៈពេល​យូរ ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ និង​ផ្ទេរ​ទៅឲ្យ​ក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​អនុវត្ត​បន្ត ពិសេស​ការងារ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ កុំអោយ​មាន​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​

​លោក​ក៍​បាន​លើកឡើង​ពី​បញ្ហា​ការយក​សួនច្បារ​សាធារណៈ ទីកន្លែ​លំហែកាយ​ហាត់ប្រា​ណ និង​ចិញ្ចើមផ្លូវ​ធ្វើ​ការប្រកប​របរ​រក​ស៊ី​ផ្សេងៗ ដែល​មាន​ភាពអនាធិបតេយ្យ គ្មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ បាត់បង់​សោភ័ណ្ឌភាព​ទីក្រុង និង​មាន​ការ រិះគន់​ពី​ប្រជាពលរដ្ឋ​។​
​ឯកឧត្តម​បាន​ស្នើ​ឲ្យ​សង្កាត់​ទាំងអស់​ត្រូវ​ធ្វើការ​រៀប​ចំ នៅតាម​ចិញ្ចើមផ្លូវ​ក៏ដូចជា​ទីធ្លា​សាធារណៈ​សួនច្បារ ធ្វើ​ការលក់ដូរ​ឱ្យមាន​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ដោយ​មិន​ត្រូវ​យក​ទីធ្លា​សាធារណៈ​ក៍​ដូចជា​សួនច្បារ និង​សួន​លំហែកាយ​ហាត់ប្រាណ​ធ្វើជា​កន្លែង​ប្រកប​របរ​រកស៊ី​នោះឡើយ​។​

​លោក​ក៍​បាន​ស្នើឲ្យ​អាជ្ញាធរ​ក្រុង​តាខ្មៅ​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​អភិវឌ្ឍ​ន៍​ក្រុង​តាខ្មៅ ត្រូវ​ធ្វើ​ការសិក្សា​រក​ទីតាំង បង្កើត​វិថី​ម្ហូបអាហារ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ប្រក​របរ​រកស៊ី​នៅ​ទីនោះ ដោយ​មាន​សណ្តាប់ធ្នាប់រ​បៀ​បរៀប​រយ ព្រោះ​ទីក្រុង​តាខ្មៅ​គឺជា សមាជិក​នៃ​ទីក្រុង​ទេសចរណ៍​អាស៊ាន ហើយ​ទីក្រុង​តាខ្មៅ​ត្រូវ​ធ្វើ​ខ្លួន​ដើម្បី​ប្រកួតប្រជែង​នៅក្នុង​ទីក្រុង​អាស៊ាន ដោយ​មិនមែន​ជា​ទីក្រុង​មួយ​ដែល​មាន​ភាព​អាណាធិបតេយ្យ មិន​មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ​នោះទេ ហើយ​ទីក្រុង​តាខ្មៅ​នេះ​ដែរក៍​មាន​ការប្រកួតប្រជែង​ជាមួយ​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​ផងដែរ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *