ករណីលិចទូកដឹកសិស្ស សាលានៅស្រុកលើកដែក ខេត្តកណ្តាល សមត្ថកិច្ចរកឃើញ៤នាក់ (ស្លាប់២នាក់) និងបាត់ខ្លួន៨នាក់ទៀត

(កណ្តាល)៖ យោងតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការ ចម្រុះ និងជាអនុប្រធាន កងប្រតិបត្តិការសង្គ្រោះ និងរុករក រួមជាមួយរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានបញ្ជាក់មកកាន់ បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះថា ករណីលិចទូកចម្លង នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានបណ្តាលឲ្យ បាត់ខ្លួន៨នាក់ផ្សេងទៀត ខណៈកូនសិស្ស៤នាក់ ត្រូវបានរកឃើញ តែបានស្លាប់២នាក់ (ស្រីម្នាក់)។

របាយការណ៍ាបានបញ្ជាក់ថា នៅលើទូកមានអ្នកជិះចំនួន១២នាក់ ហើយនៅពេលនេះ រកឃើញ៤នាក់ (ស្លាប់២នាក់) និងបាត់ខ្លួនបន្ត ចំនួន៨នាក់ទៀត ខណៈកម្លាំងជួយ សង្គ្រោះទាំងអស់កំពុង តាមរុករកទាំងយប់។

ក្រោយមាន ហេតុការណ៍នេះភ្លាម ជួសមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈ កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញបញ្ជាឱ្យ អគ្គលេខាធិការគណៈ កម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដឹកនាំ ដោយលោក គីម រីរៈ អគ្គលេខាធិការ នាំកម្លាំងចុះទៅសហការ ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ជួយរុករកក្មេងជួប គ្រោះលិចទូកចម្លងនៅក្នុង ខេត្តកណ្តាលទាំងយប់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងនូវ ការសោកស្តាយជាទី បំផុតចំពោះហេតុការណ៍ ដ៏អកុសលនេះ។ លោកទេសរដ្ឋមន្ត្រី បានណែនាំលោក គីម វីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈ កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងកម្លាំងសង្គ្រោះ ត្រូវចេញប្រតិបត្តិការបន្ទាន់ ហើយប្រឹងប្រែងឱ្យ អស់លទ្ធភាព ជួយសង្គ្រោះកុមាររងគ្រោះ និងរុករកអ្នកដែលបាត់ខ្លួន។

ក្នុងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ទោ គីម សុផារុណ នាយរងសេនាធិការចម្រុះ និងជាអនុប្រធាន កងប្រតិបត្តិការសង្គ្រោះ និងរុករក ក៏បានដឹកនាំកម្លាំង ចូលរួមក្នុងប្រតិបត្តិការ នេះផងដែរ។ ជាមួយគ្នានោះ កងប្រតិបត្តការរុករក និងសង្រ្គោះលេខ ៩១១ កំពុងចេញដំណើរជួយ ស្វែងរកបន្ថែមផងដែរ។

ស្នងការនគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលកំពុងដឹកនាំ កម្លាំងជួយរុករកជន រងគ្រោះនៅ កន្លែងទូកលិចនោះ បានបញ្ជាក់ថា ករណីនេះបានកើតឡើង នៅពេលកូនសិស្សបាន ចេញពីរៀនរួច ក៏ជិះទូកឆ្លងទៅ កាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះ ក្នុងភូមិកោះចំរើន (លើកោះមានប្រហែល ៣០០គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសល បែបនេះតែម្តង។ លោកថា កន្លងទៅមិនមានគ្រោះ ថ្នាក់បែបនេះកើត ឡើងនោះឡើយ តែលើកនេះ មកពីទឹកឡើងទើប ជួបហេតុការណ៍ អាក្រក់នេះតែម្តង។

ជំនួសមុខឲ្យកង កម្លាំងនគរបាល លោកឧត្តមសេនីយ៍ទោស្នងការ សូមចូលរួមរំលែក ទុក្ខជាមួយក្រុមគ្រួសារ នៃសព និងបញ្ជាក់ថាកម្លាំង សមត្ថកិច្ចទាំងអស់ កំពុងសហការជាមួយ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ  កំពុងតាមស្វែងរុករក ជនរងគ្រោះផ្សេង ទៀតដែលបាត់ខ្លួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *