មេបញ្ជាការ រង កងការពារព្រំដែនថៃ ខេត្តច័ន្ទបុរីត្រាតដឹកនាំប្រតិភូធ្វើទស្សនកិច្ចសិក្សា និងសម្តែងការគួរសម ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ភាតរភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣..!!!

ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមនាវីត្រី ថឺតកៀត ជិតកែវ មេបញ្ជាការ រង ការពារព្រំដែនថៃខេត្តច័ន្ទបុរីត្រាត បានដឹកនាំប្រតិភូថៃធ្វើទស្សនកិច្ចសិក្សា និងសម្តែងការគួរសមដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព ភាតរភាព មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងនៃភាគីទាំងពីរ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣។ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពល បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រតិភូកងកម្លាំងការពារព្រំដែនថៃច័ន្ទបុរីត្រាត នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នាពេលនេះ គឺជាការបន្តរក្សាប្រពៃណីចំណងសម្ព័ន្ធមេត្រីភាព ដែលកងពលតូចថ្មើរជើងលេខ៥៣ និងកងកម្លាំងការពារព្រំដែនច័ន្ទបុរីត្រាត ធ្លាប់មានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ បើគិតពីឆ្នាំ២០០៦មកដល់ពេលនេះ បានចំនួន៩លើក។

លោកបន្តថា កងកម្លាំងយើងទាំងពីរបានប្រកាន់គោលជំហរដូចគ្នា គឺខិតខំរក្សាតំបន់ព្រំដែនឲ្យមានសន្តិភាព ស្ថិរភាព និងសន្តិសុខល្អប្រសើរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋទាំងសងខាងរស់នៅប្រកបរបររកស៊ីដោយសុខសាន្ត។ លោកឧត្តមសេនីយ៍ត្រី កែវ សេងលន បន្តទៀតថា កន្លងមក អនុវត្តតាមអនុសារណៈ នៃការយោគយល់គ្នា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ យើងបានខិតខំសហការគ្នាល្អ ក្នុងការទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់គ្រប់រូបភាព ប៉ុន្តែមានជនខិលខូចមួយចំនួនតូចនៅតែឆ្លៀតឱកាសបង្កភាពស្មុគស្មាញ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយើងទាំងពីរ ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងយើងបានខិតខំទប់ស្កាត់ និងសហការដោះស្រាយប្រកបដោយការយោគយល់គ្នាយ៉ាងល្អប្រសើរ។ ចុងបញ្ចប់នៃកម្មវិធី កងកម្លាំង នៃភាគីទាំងពីរបានចុះហត្ថលេខាក្នុងសៀវភៅក្រាំងមាស រួចមកប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងពិសារអាហារសាមគ្គីរួមគ្នាប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *