ប៉ៃលិន៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ អមដំណើរ ដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញ ចុះពិនិត្យមើល មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កំពុងធ្វើការបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ចំនួនជាង ១២០០ហិចតា ស្ថិតនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញ ដល់មន្ត្រី ជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋាន ដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែង នូវ រាល់ ប្រភព ទឹក ដើម្បី ធ្វើយ៉ាងណាជួយអន្តរាគមន៍ បូម ឬ បញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ ប្រជា ពល រដ្ឋ ដែលប្រឈម និងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឲ្យមានការខូចខាត ដោយយើងមិនបានជួយពួក គាត់ ឲ្យអស់លទ្ធភាព ដែល មាននោះឡើយ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយ បានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់ ស្ថាប័នជំនាញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍សំនូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការ បូម ឬបញ្ជូនទឹកបញ្ចូលស្រែ បានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការ រួមចំណែក លើក ស្ទួយ ជីវភាព ពលរដ្ឋ តាមរយៈ វិស័យ កសិកម្ម ៕ ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍ស្រោចស្រព ស្រូវប្រាំងរបស់ពួកគាត់ បានទាន់ពេលវេលា ព្រោះថាស្រូវរបស់ពួកគាត់ទើបតែចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេ គឺអាចប្រឈមនឹងការខូចខាតទាំងស្រុង ។ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា៖ ឆ្នាំ២០២៣នេះ នៅខេត្ត ប៉ៃលិន ប្រជាកសិករបានធ្វើស្រូវប្រាំង លើផ្ទៃដី ចំនួន ២០៥០ហិចតា ហើយស្រូវដែលខ្វះទឹក មានចំនួនជាង ១២០០ហិចតា ប៉ុន្តែមិនទាន់មានការខូចខាតនោះទេ ដោយសារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើការ អន្តរាគមន៍ ជួយសង្គ្រោះបានទាន់ពេលវេលា ។ បើតាមការបញ្ជាក់របស់លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានធ្វើអោយដឹងថា៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវអភិបាលខេត្ត រយៈពេល ២សប្តាហ៍មកនេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានធ្វើការអន្តរគមន៍សង្គ្រោះស្រូវ តាមរយៈម ធ្យោបាយចំនួន ២ គឺទី១/ធ្វើការស្តារប្រឡាយ ចំនួន ៥ខ្សែ ប្រវែង ជាង ៧ពាន់ម៉ែត្រ និងទី២/ អន្តរាគមន៍បូមទឹក ដោយប្រើប្រាស់ ម៉ាស៊ីន បូមទឹកខ្នាតធំ ៦៥សេស ចំនួន ១គ្រឿង ។ដោយ,ស សារឿន