(ភ្នំពេញ)៖ តាមរយៈវីដេអូគ្រោះ ថ្នាក់ចរាចរណ៍មួយ ដែលភាគីម្ខាងបាន គេចចេញពីកន្លែងហេតុ ដោយមានមនុស្ស ផ្សេងចេញមុខជាអ្នក តំណាងដោះស្រាយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារតាម ផេកផ្លូវការរបស់ខ្លួន យ៉ាងដូច្នេះថា ៖ ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍ មួយចំនួនកើតឡើង ភាគីបង្កតែងគេចខ្លួន ពីកន្លែងកើតហេតុ តាមមធ្យោបាយផ្សេងៗ។ ខ្លាចខ្មាសគេជារឿងមួយ។ ការគេចឱ្យផុតពីការ ទទួលខុសត្រូវទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ក៏ជារឿងមួយដែរ។
សារដដែល ឯកឧត្តម ស សុខា បានបន្តថា ងាកមកមើលករណីជាក់ ស្ដែងដូចវីដេអូនេះវិញ។ ភាគីម្ខាងទៀត មិននៅហ្នឹងកន្លែង កើតហេតុដើម្បី ដោះស្រាយតាមនីតិវិធី បែរជាគេចខ្លួន ហើយបើតាមការ អះអាងពីភាគីម្ខាងទៀត (ពាក់អាវស)ថា បងប្រុសពាក់អាវខ្មៅដែលអះអាង ថាជាអ្នកតំណាង គឺជាអ្នកជម្លៀសចេញ។ ប្រសិនដូចការអះអាងមែន ខ្ញុំយល់ថា អ្នកទាំងពីរមិនសមស្របនឹងសីលធម៌ទទួលខុសត្រូវសង្គម ពិសេសចំពោះភាគីម្ខាងទៀត បើសិនជាគេបើកបរត្រឹមត្រូវ។ ជាការយល់តិចតួច របស់ខ្ញុំ ការជម្លៀស ឬនាំយកភាគី ម្ខាងទៀតចេញ លុះត្រាតែអ្នកនោះ រងរបួសដែលមិនអាចនៅបាន និងត្រូវការសង្គ្រោះជីវិត…។ នេះសំណាង ចេះគ្មានអ្នកស្លាប់។ ចុះបើមានអ្នកស្លាប់ ហើយអ្នកបង្កគេចខ្លួនបាត់ តើយុត្តិធម៌ជនរងគ្រោះនៅឯណា?
ឯកឧត្តម ស សុខា បន្តទៀតថា ចំពោះរឿងចេញមុខ មកធ្វើជាតំណាងវិញ តើស្របនឹងទិដ្ឋភាពច្បាប់ទេ? សម្រាប់ខ្ញុំ សូម្បីមេធាវីតំណាងកូនក្ដី ក៏ត្រូវមានអ្វីជា សំអាងជាក់លាក់ដែរ។ ចុះទម្រាំបងប្រុសអាវខ្មៅ ដែលមកទាំងកាយ វិការច្រងេងច្រងាង និងសម្ដីសម្ដៅផ្ទុយពីការដោះ ស្រាយដោយសន្តិវិធីនិងច្បាប់ ហើយពុំដឹងរឿងរ៉ាវផងនោះ, បងប្អូនយល់យ៉ាងម៉េច? សំណួរសួរថា បើមានអ្នកស្លាប់ក្នុងហេតុការនេះ បងប្រុសដែលសង្ខើញថាជាអ្នកតំណាង ហ៊ានជាប់ពន្ធនាគារជំនួសអ្នកបង្កទេ? ភាពជាតំណាងតាមផ្លូវច្បាប់មិនចេះតែអាចធ្វើបានទេ។ ចុះបើវាស់វែងហើយ ដោះស្រាយហើយ ស្រាប់តែភាគីម្ចាស់យានចេញមកច្រានចោលមិនទទួលស្គាល់ គិតយ៉ាងម៉េចវិញ? ខ្ញុំថា ទាំងម្ចាស់យានរងគ្រោះ និងសមត្ថកិច្ចសុទ្ធតែចាញ់ប្រៀបខាងផ្លូវច្បាប់។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា ខ្ញុំមិនដឹងថារឿងនេះ បានបញ្ចប់ឬយ៉ាងណាទេ? តែការលើកឡើង នាពេលនេះសម្រាប់ជាគតិ និងសតិ ជាធាតុគួរពិចារណាប៉ុណ្ណោះ។ ក្នុងករណីនេះ បើត្រឹមបង្កការខូចខាត គឺភាគីបង្កមានកាតព្វកិច្ចទទួលខុសត្រូវសំណងរដ្ឋប្បវេណី តាមគោលការណ៍ ទទួលខុសត្រូវក្រៅកិច្ចសន្យា។ តែបើនាំឱ្យរបួស មិនអាចបំពេញការងារចាប់ពី៨ថ្ងៃឡើង ឬបណ្ដាលឱ្យភាគីម្ខាងស្លាប់ នោះជាការទទួល ខុសត្រូវព្រហ្មទណ្ឌ គឺត្រូវជាប់ពន្ធនាគារថែមទៀត។ ម្យ៉ាងទៀត រឿងដែលបងប្អូនមិនដែលចាប់អារម្មណ៍ នោះគឺការគេចវេស ឬរត់គេចខ្លួនពីកន្លែងកើតហេតុ ក៏ជាបទល្មើស ព្រហ្មទណ្ឌដែរ ដែលត្រូវជាប់ ពន្ធនាគារពីបទរត់គេចខ្លួន តាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ខ្ញុំមិនដាក់បន្ទុក លើភាគីណានោះទេ គ្រាន់តែជាសារចំហរប៉ុណ្ណោះ។
ចុងក្រោយនៃសារ ឯកឧត្តម ស សុខា បានអំពាវនាវថា ជារួមខ្ញុំសូមទទូចឱ្យ គ្រលាស់ចោលទម្លាប់ គេចវេសមិនទទួល ខុសត្រូវទាំងឡាយ។ គ្មានអ្វីប្រសើរជាងការជជែកគ្នា និងយកច្បាប់មក ដោះស្រាយនោះឡើយ។ ទន្ទឹមនេះ ក៏សូមជូនសារទៅសមត្ថកិច្ច គួរសិក្សាចាត់នីតិវិធីតាមជំនាញ និងច្បាប់ឱ្យបានលឿនតាមដែល អាចធ្វើបាន ចៀសវាងរឿងហេតុកាន់ តែអូសបន្លាយកើតជារឿងផ្សេង។ ដូចគ្នាដែរ គួរសិក្សាចាត់វិធានការ ចំពោះបុគ្គលដែលជម្លៀស អ្នកទទួលខុសត្រូវចេញ, ជនបង្កដែលគេចវេស និងអ្នកដែលអះអាង ច្រងេងច្រងាងតាំងខ្លួន ជាអ្នកតំណាងខុស ទំនងច្បាប់ផងដែរ៕