(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ចនគរបាល ផែនការងារព្រំដែន នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៩១១ ការិយាល័យព្រហ្មទ័ណ្ឌម្រឹតធ្ងន់ នគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការនឹងនគរបាល ការពារព្រំដែន នគរបាលដែនដីភាគីថៃ នៅស្រុកគោកធ្យូងខេត្តស្រះកែវ កាលពីថ្ងៃទី០៥ខែមីនាឆ្នាំ២០២៣ បានឃាត់ជនសង្ស័យ ដៃដល់ម្នាក់ដែលបានប្លន់ សម្លាប់ស្ត្រីពលករខ្មែរម្នាក់ នៅច្រករបៀងនៃព្រំដែន កម្ពុជា ថៃ។ ឃាតកគឺជាមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ។នេះបើតាមលោក ឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី០៥ខែមីនាឆ្នាំ២០២៣ ។
លោកបន្តថា : “ដោយមានជំនាញប៉ិន ប្រសប់និងមានកិច្ច សហប្រតបត្តិល្អ ទើបកងកម្លាំងកម្ពុជានិងថៃ ព្រមទាំងអ្នកសហការពាក់ព័ន្ធ ទើបការស្រាវជ្រាវឈាន ដល់ចាប់ខ្លួនជនសង្ស័យ ដៃដល់បាន ” ។
ចំណែកលោក ឧត្តមសេនីយ៍ត្រីអ៊ុំ សុផល ស្នងការរងទទួលផែន ការងារព្រំដែន ខេត្តបន្ទាយមានជ័យ: បានបញ្ជាក់ប្រាប់ឲ្យដឹងថា សមត្ថកិច្ចភាគីទាំងពីរ បាននឹងកំពុងសម្របសម្រួល និតិវិធីក្នុងការសួរចម្លើយ ជនសង្ស័យនិងនិតិវិធីបញ្ជូន មកប្រទេសកម្ពុជា ។
ជនសង្ស័យ មានឈ្មោះហុង ខាវសិរីវេត (ហៅហុង)ភេទប្រុស អាយុ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុនស្រុកគោកធ្យូង ខេត្តស្រៈកែវ ប្រទេសថៃ។
សូមរំលឹកថា កាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០២៣នៅ វេលាម៉ោង១៤និង២០នាទីរសៀល កងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ – អូរបីជាន់ បានប្រទះឃើញសពស្ត្រីពលករខ្មែរម្នាក់ នៅចំណុចក្នុងព្រៃចំការ មីនព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨.ស្លិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។ គឺទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ.ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។ ការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះ មានឈ្មោះ ស្វៃ សុភត្រ្តាអាយុ៣៨ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ការពិនិត្យនិងធ្វើ កោសល្យវិច្ច័យឃើញថា សាកសពរងការ របួសផ្នែកក្បាល: បែកក្បាលពីក្រោយ៧ស.ម. បែកលើចិញ្ចើម១២ ស ម ក្រោមច្រមុះ៤ ស ម ក្រោមចង្កា៧ស.ម.។
ការបំភ្លឺរបស់ ឈ្មោះ ពេជ្រ រត្នន: អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើត របស់ស្ត្រិរងគ្រោះ បានប្រាប់ថា: នៅវេលាប្រហែលម៉ោង៩ និង ៣០នាទីម្តាយរបស់គាត់មកដល់ចំណុចផ្សាររោងគ្លឿ ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវប្រទេសថៃ រួចបានបានបែកគ្នា។
មូលហេតុម្តាយរបស់ខ្លួនមានប៉ាស្ព័រ (លិខិតឆ្លងដែន) តែផុតថ្ងៃកំណត់សុពលភាព ក៏សម្រេចចូលមកកម្ពុជាវិញ តែបានដើរតាមច្រកផ្លូវកាត់ (ច្រករបៀង) ។
ចំណែកខ្លួនជាកូនមានប៉ាស្ព័រ ក៏បានបោះត្រាចូលមក ផ្លូវត្រង់ច្រកទ្វារអន្តរជាតិខ្លងលឹក- ប៉ោយប៉ែត. លុះដល់ម៉ោងប្រហែល១៤និង២០.រសៀលថ្ងៃដដែលទើបដឹងថា ម្តាយខ្លួនស្លាប់ ៕