(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ជាឃាតក ចាក់សម្លាប់សង្សាររបស់ ខ្លួននៅខេត្តព្រះសីហនុ ត្រូវបាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន បាននៅវេលា ម៉ោង១២និង៤៥នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការដ្ឋានមួយកន្លែង ស្ថិតនៅតាមបណ្ដោយ ជាតិលេខ៣ មូលដ្ឋាន សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការដឹកនាំចង្អុល បង្ហាញផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុត្តិធម៌ និងបញ្ជាដឹកនាំ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ យ៉ាងយកចិត្តទុកដាក់ ។
ក្រោយពីទទួលបាន បទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ នគរបាលជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ និងមូលដ្ឋានខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការ កំណត់មុខសញ្ញានិង ឃាត់ខ្លួនបានសម្រេច។
មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាក សួរ ជនសង្ស័យ ឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានចាក់ សម្លាប់សង្សាររបស់ខ្លួន ពិតប្រាកដមែន ដោយសារតែ ការប្រចណ្ឌ ខឹងសង្សាររបស់ខ្លួន ផឹកសុី និងដេកបែកបន្ទប់។
គួររំលឹកផងដែរ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នារីជាកម្មការិនី រោងចក្រម្នាក់ ត្រូវបានឃាតក ជាសង្សារ ចាក់សម្លាប់ដោយមាន ស្នាមកាំបិតចាក់ចំ ក្រោមក្លៀក ដែលបណ្តាល ឱ្យស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ក្នុងបរិវេណមុខ រោងចក្រមួយកន្លែង មានឈ្មោះ “បេវឈីវើ” ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាង នៅភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ៣១ឆ្នាំមុខរបរ កម្មកររោងចក្រ មានស្រុកកំណើត នៅឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ចំណែកនារីរងគ្រោះ ឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខ របរ កម្មការិនីរោងចក្រស្រុកកំណើតឃុំគោករមៀត ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ បន្ទប់ ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យត្រូវ បានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន រួចប្រគល់ជូនទៅ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត ព្រះសីហនុ ចាត់ការតាមនីតិវិធី៕