អភិបាលរងខេត្តបំផុសស្មារតីឱ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំបន្ថែមឡើងវិញ

ខេត្តប៉ៃលិន៖ លោក អភិបាលរងខេត្តប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សានិងដាំដើមឈើឡើងវិញ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់បញ្ហា នៃការប្រែប្រួលអាកាសធាតុ និងចូលរួមថែរក្សាធនធានធម្មជាតិ ដែលមានស្រាប់ ឲ្យបានគង់វង្សយូរអង្វែង តកូនចៅជំនាន់ក្រោយ។ ព្រោះព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថាន ធម្មជាតិ ធ្វើឲ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយ័តភាព ប្រភពទឹកការពារជម្រាល និង ការពារជីវៈចម្រុះ។

លោកបន្តថាថ្ងៃទី៩ ខែកក្កដា ត្រូវបានបង្កើតឡើង ជាទិវាពលកម្មដាំដើមដើមឈើហៅថា “រុក្ខទិវា” គឺសំដៅបំផុសស្មារតី ឲ្យពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតី ថែរក្សាការពារព្រៃឈើ ដែលមានស្រាប់និងចូលរួមដាំបន្ថែមឡើងវិញ។ការថ្លែងបែបនេះរបស់លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រារព្ធបុណ្យ “រុក្ខទិវា ” ៩កក្កដាឆ្នាំ២០២៣ ក្នុងបរិវេណ វត្តគិរីសាលវ័ន្ត ហៅវត្តក្រចាប់ ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានការចូលរួមពី អស់លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត រួមទាំងសិស្សានុសិស្ស ប្រមាណជាង ៥០០នាក់។នៅក្នុងឱកាសនោះលោកបានលើកឡើងថា ពិធីបុណ្យ “រុក្ខទិវា” ជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិកម្ពុជា បានរៀបចំប្រារព្ធធ្វើឡើងរាល់ឆ្នាំ តាំងពីសម័យសង្គមរាស្ត្រនិយមក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតជារៀងរហូតមក ហើយតាមរយៈពិធីបុណ្យរុក្ខទិវា ដែលបានប្រារព្ធធ្វើឡើង ប្រជាជាតិកម្ពុជាបានយល់ច្បាស់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត អំពីការលើកកម្ពស់ការដាំដើមឈើ និងការថែរក្សានិរន្តរភាពព្រៃឈើ នៅព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះទៀតដែរ លោកបានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវនិរន្តរភាពនៃព្រៃឈើ និងធនធានធម្មជាតិដែលមានស្រាប់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែចូលរួមឲ្យបានច្រើនកុះករ ក្នុងការថែរក្សា ធនធានធម្មជាតិ និងដាំបន្ថែម ក្នុងម្នាក់យ៉ាងតិចឲ្យបានមួយដើម ដើម្បីទុកសម្រាប់កូនចៅជំនាន់ក្រោយៗ។

លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យរុក្ខទិវានេះលោក បានដឹកនាំមន្ត្រី មន្ទីរកសិកម្ម ជាពិសេសខណ្ឌរដ្ឋបាលព្រៃឈើ បាននាំយកកូនឈើចម្រុះប្រមាណជាង ១.៥០០ ដើម ដើម្បីចែកជូនតាមមន្ទីរអង្គភាព ព្រះសង្ឃ លោកគ្រូអ្នកគ្រូ កងកម្លាំងទាំងបីប្រភេទ និងពលរដ្ឋដាំនៅបរិវេណវត្តគិរីសាលវ័ន្ត ហៅវត្តក្រចាប់ និងដាំតាមដងផ្លូវសាធារណៈ ក្នុងក្រុងប៉ៃលិន៕
ដោយ,ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *